ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បំពាក់សម្ភារសង្គ្រោះជូនកម្លាំងសង្គ្រោះ និងរំលឹកឱ្យតម្កល់ស្មារតីជួយជនរង គ្រោះជាធំ

(ភ្នំពេញ)៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ បានក្រើនរំលឹកដល់សិក្ខាកាមហ្វឹកហ្វឺនជំនាញសង្គ្រោះគ្រោះមហន្តរាយថា ប្រតិបត្តិការ សង្គ្រោះគ្រោះមហន្តរាយនានាជាសមរភូមិមួយដែលទាមទារឱ្យមានការតាំងចិត្តខ្ពស់បំផុតសម្រាប់អ្នកប្រតិបត្តិការសង្គ្រោះ។ លោកបន្ថែមថា ជីវិតរបស់ជនរងគ្រោះនៅក្នុងហេតុការណ៍ឧប្បត្តិហេតុ ទាំងឡាយ ជាគោលដៅចម្បងបំផុត ដែលអ្នកសង្គ្រោះទាំងអស់ត្រូវតែផ្តោតការយកចិត្តទុកដាក់។

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម លើកឡើងបែបនេះ ក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ សម្ភារ គ្រឿងបំពាក់ដល់កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ(លេខ៧២៤) កងពល តូច អន្តរាគមន៍លេខ១៤ របស់យោធភូមិភាគពិសេស នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ នេះ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងលោក ឧត្តម សេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគ ពិសេស ព្រមទាំង ឯកឧត្តម លោកជំទាវ លោកលោកស្រី ជាថ្នាក់ដឹកនាំចូលរួមផងដែរ។

ក្នុងឱកាសនោះឯកឧត្តមទេសរដ្ឋមន្ត្រីបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនកម្លាំង សង្គ្រោះទាំងអស់ និងបានជម្រាបជូនពួកគេថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែនឹក រលឹកដល់កងកម្លាំងរបស់គ្រប់ជាន់ថ្នាក់។

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានលើកឡើងថា ផលប៉ះពាល់ និងខូចខាត ដោយខ្យល់កន្រ្តាក់ និង រន្ទះបាញ់ដែលបានកើតឡើងក្នុងរយៈពេល៨ខែដើមឆ្នាំមកនេះ ធ្វើឱ្យរលំ និងខូចខាតផ្ទះធ្ងន់ធ្ងរ ៨៣៧ខ្នងផ្ទះ, បណ្តាលឱ្យរបួសចំនួន ៦៧នាក់ និងស្លាប់ចំនួន ៥នាក់។ រន្ទះបាញ់កើតឡើងចំនួន ៨៥លើក សម្លាប់មនុស្សចំនួន ៦៧នាក់, របួសចំនួន ៤២នាក់ និងស្លាប់សត្វពាហនៈចំនួន ៤០ ក្បាល។ ជាមួយគ្នានេះគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយរាជធានីខេត្ត សហការជាមួយ កាកកបាកក្រហមកម្ពុជា ក្រុមការងារថ្នាក់ជាតិ អង្គការ រួមទាំងកងកម្លាំងប្រដាប់អាវុធ បានចុះជួយ ស្តាជីវភាពប្រជាពលរដ្ឋឡើងវិញបានទាន់ពេលវេលា។

ឯកឧត្តម ទេសរដ្ឋមន្ត្រីបានបន្តថា បម្រែបម្រួលអាកាសធាតុនៅលើពិភពលោកនាពេលបច្ចុប្បន្ន ក៏បាន ជះឥទ្ធិពលមិនល្អដល់កម្ពុជាផងដែរ។ ពីមួយឆ្នាំទៅមួយឆ្នាំ កម្ពុជាតែងតែជួបនូវគ្រោះ មហន្តរាយ នានា ដែលបណ្តាលមកពីកត្តាធម្មជាតិដូចជាខ្យល់ព្យុះ និងទឹកជំនន់ជាដើម។ បន្ថែមពីលើកត្តាធម្មជាតិនេះ កម្ពុជា ក៏ប្រឈមនឹងឧប្បត្តិហេតុផ្សេងៗកើតចេញពីសកម្មភាពរបស់ មនុស្សគ្រាដែលសង្គមជាតិកំពុងមានការអភិវឌ្ឍនោះ។ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្ត ទុកដាក់ខ្ពស់ក្នុងការបង្កើនសមត្ថភាពក្រុមសង្គ្រោះ ដើម្បីឆ្លើយតបនឹងឧប្បត្តិហេតុផ្សេងៗដែលអាច កើតមាន។

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានចាត់ទុកការបើកវគ្គហ្វឹកហ្វឺនសង្គ្រោះដល់កងទ័ពនៅកងពល តូច អន្តរាគមន៍លេខ១៤របស់ភូមិភាគពិសេស ជាការហ្វឹកហ្វឺនដ៏មានសារសំខាន់ ដើម្បី ឆ្លើយតបឱ្យ បានទាន់ពេលវេលានៅពេលមានហេតុការណ៍គ្រោះមហន្តរាយកើតមាននៅក្នុងខេត្តកណ្តាល ក៏ដូច ជារាជធានីភ្នំពេញផងដែរ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានជំរុញ និងក្រើនរំលឹកសិក្ខាកាមជាអ្នកសង្គ្រោះទាំងអស់ ឱ្យប្រកាន់ខ្ជាប់ នូវស្មារតីជាអ្នកសង្គ្រោះ គឺត្រូវតែពុះពារអត់ធ្មត់ជម្នះការលំបាកទាំងឡាយ ដើម្បីសម្រេចប្រតិបត្តិការ គឺជួយដល់អាយុជីវិតរបស់ជនរងគ្រោះ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់សាធារណៈជន ជាពិសេសប្រជានេសាទ មានការប្រុង ប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ដែលអាចកើតមានឡើងជាយថាហេតុក្នុងរដូវវស្សានេះ ដោយត្រូវតាម ដានឱ្យជាប់នូវព័ត៌មានប្រមានជាមុនពីស្ថានភាព អាកាសធាតុ និងសេចក្តីជូនដំណឹងផ្សេងៗ របស់ ក្រសួងជំនាញ និងប្រព័ន្ធផ្សព្វផ្សាយរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បី ត្រៀមលក្ខណៈជាមុនបានទាន់ពេលវេលា៕