លោកស្រី ចាស៊ីនដា អាឌឺន នាយករដ្ឋមន្ត្រីនូវែលសេឡង់ បាននិយាយនៅថ្ងៃព្រហស្បតិ៍ទី១៦កញ្ញានេះថានូវែលសេឡង់នឹងមិនដកការហាមឃាត់រាប់ទសវត្សរ៍លើនាវាដើរដោយថាមពលនុយក្លេអ៊ែរពីដែនទឹករបស់ខ្លួននោះទេបន្ទាប់ពីការសម្រេចចិត្តរបស់សម្ពន្ធមិត្តដ៏សំខាន់របស់ខ្លួនគឺអូស្ត្រាលីក្នុងការអភិវឌ្ឍកងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។
លោកស្រីអាឌឺនបាននិយាយថា សមភាគីអូស្ត្រាលីគឺលោកស្កុត ម៉ូរីសុនបានរៀបរាប់សង្ខេបប្រាប់អំពីផែនការរបស់រដ្ឋាភិបាលក្រុងកង់បេរ៉ាក្នុងការអភិវឌ្ឍនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដោយមានជំនួយពីសហរដ្ឋអាម៉េរិកនិងអង់គ្លេស។
លោកស្រីបានពណ៌នាកិច្ចព្រមព្រៀងនេះថា “ពាក់ព័ន្ធជាចម្បងទៅនឹងបច្ចេកវិជ្ជានិងយោធូបករណ៍ការពារជាតិ” ដោយនិយាយសម្រាលផលប៉ះពាល់ចំពោះអ្វីដែលគេហៅថា ភាពជាដៃគូ”ភ្នែកប្រាំ” របស់សហរដ្ឋអាម៉េរិក អង់គ្លេស អូស្ត្រាលី កាណាដា និងនូវែលសេឡង់។
លោកស្រីអាឌឺនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃព្រហស្បតិ៍នេះថា”កិច្ចព្រមព្រៀងនេះមិនផ្លាស់ប្តូរទំនាក់ទំនងសន្តិសុខនិងចារកម្មរបស់យើងជាមួយប្រទេសទាំងបីក៏ដូចជាជាមួយកាណាដានោះឡើយ”។
ប៉ុន្តែលោកស្រីក៏បាននិយាយផងដែរថា នូវែលសេឡង់នឹងរក្សាការហាម ឃាត់លើនាវាដើរដោយថាមពលនុយក្លេអ៊ែរដែលមានតាំងពីឆ្នាំ ១៩៨៥មានន័យថាទីក្រុងវែលលីងតុននឹងមិនអនុញ្ញាតឱ្យទ្រព្យសម្បត្តិកងទ័ពជើងទឹកអភិវឌ្ឍដោយអូស្ត្រាលីចូលមកដែនទឹករបស់ខ្លួននោះឡើយ។លោកស្រីអាឌឺនបាននិយាយថា “ជំហររបស់នូវែលសេឡង់ទាក់ទងនឹងការហាមឃាត់នាវាដើរដោយថាមពលនុយក្លេអ៊ែរនៅក្នុងដែនទឹករបស់យើងនៅតែមិនផ្លាស់ប្តូរ”៕