នំពេញៈ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឆ្លើយតបទៅអ្នកវិនិយោគទុនចិនចំនួន ពីរនាក់ ឈ្មោះ Qiong Ye និងឈ្មោះ Jianping Yang ដែលជាសហនាយក នៃក្រុមហ៊ុនទូរគមនាគមន៍កម្ពុជា ដែលបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ទៅកាន់ ឮក្រុមប្រឹក្សាអាជ្ញាកណ្តាល ពាក់ព័ន្ធនឹងការដកហូតអាជ្ញាប័ណ្ណ កិច្ចព្រមព្រៀងវិនិយោគអាស៊ាន-ចិនឆ្នាំ២០០៩គឺដោយសារក្នុងរយៈពេលចាប់ផ្តើម អាជីវកម្មឆ្នាំ ឮផ្តល់សេវាទូរស័ព្ទនិងសេវាអ៊ីនធឺណិត គឺក្រុមហ៊ុនមិនបានបង់ចំណូលបែងចែកចូលមកក្រសួងជាង ពីរលានដុល្លារ។
នាយប់ថ្ងៃទី១៦ ខែកញ្ញា នេះ ឯកឧត្តមជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍ថា នៅក្នុងអាស៊ានមានកិច្ច ព្រមព្រៀងមួយហៅថាកិច្ចព្រមព្រៀង អាស៊ានចិនលើការវិនិយោគដូច្នេះគាត់ត្រូវប្តឹងទៅអាជ្ញា កណ្តាលអន្តរជាតិពិនិត្យមើលការវិនិយោគរបស់គាត់។
ការប្តឹងនេះគាត់មានសិទ្ធិប្តឹង ប៉ុន្តែរដ្ឋាភិបាលក៏មានសិទ្ធិដកហូតអាជ្ញាប័ណ្ណរបស់គាត់ហើយការដែលក្រសួងដកហូត អាជ្ញាប័ណ្ណនេះដោយសារក្នុងរយៈពេលចាប់តាំងពីគាត់ចាប់ផ្តើមអាជីវកម្មឆ្នាំ២០១៦ដែលក្រុមហ៊ុនគាត់ចាប់ផ្តើមផ្តល់សេវាទូរស័ព្ទហើយនិងផ្តល់សេវាអ៊ីនធឺណិតគឺក្រុមហ៊ុនមិនដែលបង់លុយឲ្យមកក្រសួងទេទោះបីជាក្រសួងបានសរសេរសំបុត្រ ក្រើនរម្លឹក ៦ ,៧ដងនិងហៅមកណែនាំផងព្រមានផងឲ្យបង់លុយក៏ប៉ុន្តែគាត់មិនព្រមបង់។ហើយនៅពេលដែលលោក ចូលមកដល់ក្រសួង លោកក៏ជួបជាមួយពួកគាត់ប្រាប់ឲ្យបង់លុយ គាត់ក៏នៅតែមិនបង់ ហើយចុងបញ្ចប់គាត់ប្រកែកថា គាត់អត់មានត្រូវបង់លុយឲ្យរដ្ឋទេ។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថាយើងបានរកឃើញភស្តុតាងទាំងអស់គឺគាត់ត្រូវបង់ជាងពីរលានដុល្លារ។ប៉ុន្តែគាត់អត់ព្រម។ ដូច្នេះបើគាត់រកស៊ីនៅស្រុកខ្មែរគាត់អត់បង់លុយ យើងមានជម្រើសណាក្រៅពីលុបអាជ្ញាប័ណ្ណគាត់ចោល។អាជ្ញាប័ណ្ណ គាត់បានបញ្ជាក់ច្បាស់ណាស់ថា អត់បង់លុយតែមួយឆ្នាំ អត់ដំណើរការ មួយឆ្នាំយើងមានសិទ្ធិដកហូតយកមកវិញ បាន។ ជាសិទ្ធិរបស់គាត់ក្នុងការប្តឹង ប៉ុន្តែយើងមានសិទ្ធិនៅក្នុងការដកហូតនៅក្រុមហ៊ុនណាដែលអត់បង់លុយឲ្យរដ្ឋ។
ឯកឧត្តមជា វ៉ាន់ដេត បានមានប្រសាសន៍បន្តថា កត្តាដែលក្រសួងដកអាជ្ញាប័ណ្ណគឺគាត់អត់បង់ចំណូលបែងចែកចូលមក ក្រសួង គាត់អត់បង់កម្រៃ (លេខទូរស័ព្ទចូលមកក្រសួង) ហើយមិនព្រមទទួលស្គាល់ថាគាត់ត្រូវបង់ចំណូលចូលមក ក្រសួងលុបអាជ្ញាប័ណ្ណរបស់គាត់ចោល ដោយសារតែគាត់អត់មានគោរពតាមអាជ្ញាប័ណ្ណមិនដែលធ្វើរបាយការណ៍ ហិរញ្ញវត្ថុមកក្រសួងដែរ។
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ថា ទាក់ទងករណីនេះ ក្រសួងបានគោរពសុំគោលការណ៍ថ្នាក់ដឹកនាំដើម្បីបង្កើតក្រុមការងារអន្តរក្រសួងមួយដើម្បីពិនិត្យលើករណីនេះ ក្រសួងបានជួលក្រុមហ៊ុនអន្តរជាតិធំមួយដើម្បីការពារក្តី បន្ទាប់មកទៀតនឹងរៀបចំបន្តតាមទារ បំណុលរបស់យើងជាបន្តបន្ទាប់ទៅទៀត បន្ទាប់ពីករណីនេះ ត្រូវបានអាជ្ញាកណ្តាលអន្តរជាតិសម្រេចថាឲ្យយើងឈ្នះ យើងនឹងតាមទារបំណុលគាត់ទៀត។
ជនជាតិចិនទាំងពីរនាក់នេះ បង្កើតក្រុមហ៊ុននៅហុងកុង ហើយក្រុមហ៊ុននៅហុងកុងនោះបានមកវិនិយោគនៅកម្ពុជា ហើយនៅក្នុងរយៈពេលវិនិយោគក្រុមហ៊ុនបានជំពាក់លុយគេច្រើន ហើយគាត់គ្មានលទ្ធភាពនៅក្នុងការវិនិយោគ ហើយបានរត់ចេញពីកម្ពុជាទៅប្រទេសចិន ។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រោយពីលោកចូលមកកាន់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍គឺបានខំធ្វើការកែទម្រង់ គោរពច្បាប់ហើយក៏តម្រូវឲ្យក្រុមហ៊ុនគោរពច្បាប់ដែរមានក្រុមហ៊ុនមួយ ចំនួនរិះរកមធ្យោបាយនិយាយពីអវិជ្ជមានពីក្រសួង ។
ប៉ុន្តែការពិតក្រសួងបានធ្វើការងារជាច្រើនដើម្បីអភិវឌ្ឍន៍ក្រសួងដើម្បីអភិវឌ្ឍន៍វិស័យទូរគមនាគមន៍ និងកំពុងតែអនុវត្តនូវអ្វីដែលហៅថា ធ្វើឲ្យប្រសើរឡើងនៅសេវាទូរគមនាគមន៍ និងចាត់វិធានការចំពោះក្រុមហ៊ុនណាមិនអនុវត្តតាមអ្វីដែលហៅថា ការផ្តល់សេវាឲ្យបានល្អដល់ប្រជាពលរដ្ឋ ដូចបានដឹងហើយសេវាទូរស័ព្ទអត់បានល្អទេ ។
ពួកគាត់គិតតែពីរកចំណូលដាក់ចូលក្នុងហោប៉ៅ ដោយអត់មានការវិនិយោគ។ ដូចជាក្រុមហ៊ុនបរទេសមួយនៅកម្ពុជា គឺកេងប្រវ័ញ្ចពីប្រជាជនខ្មែរច្រើនណាស់ ដោយក្រសួងបានរកឃើញនឹងចាត់វិធានការជាបន្តបន្ទាប់ទៀត៕