ទូតចិន បានលើកឡើងថា កម្ពុជា និងចិន កំពុងចរចាលើការនាំចេញផ្លែមៀនកម្ពុជា ទៅចិន

(ភ្នំពេញ)៖ លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានគូសរំលេចថា ភាគីពាក់ព័ន្ធ របស់កម្ពុជា និងភាគីចិន កំពុងចរចាគ្នាលើការនាំចេញផ្លែមៀនរបស់កម្ពុជា ទៅកាន់ទីផ្សារក្នុងប្រ ទេសចិន។

ព័ត៌មាននេះត្រូវបានរំលេចក្នុងអត្ថបទមួយស្តីពីការជួយទិញផ្លែមៀនក្នុងខេត្តបាត់ដំបង ពីសំណាក់ ស្ថានទូតចិន និងសភាពាណិជ្ជកម្មចិននៅកម្ពុជា។
ក្នុងអត្ថបទដែលបានចុះផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ បានស្រង់សម្តីលោក Wang Wentian មកបញ្ជាក់ថា «ចិន និងកម្ពុជា ពុះពាររាល់បញ្ហាប្រឈមនៃជំងឺវីរុសកូវីដ១៩ បានចាប់ផ្តើម កិច្ចចរចាស្តីអំពីការនាំចេញផ្លែមៀនកម្ពុជាទៅកាន់ប្រទេសចិន។ ភាគីកម្ពុជាកំពុងរៀបចំផែនការនិងវិធានការការពារចំពោះហានិភ័យសត្វល្អិតដែលអាចកើតទៅតាមតម្រូវការ»។

ក្នុងអត្ថបទនេះបានសរសេរដោយបង្ហាញក្តីរំពឹងថា ផ្លែមៀនកម្ពុជា នឹងក្លាយជាផ្លែឈើស្រស់ប្រភេទ ទីបី ដែលទទួលបានការអនុញ្ញាតនាំចេញទៅកាន់ប្រទេសចិនបន្ទាប់ពីផ្លែចេក និងស្វាយ។

សូមបញ្ជាក់ថា ក្នុងជំនួបពិភាក្សាការងារជាមួយលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួង ការបរទេសចិន កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើដល់រដ្ឋាភិបាលចិន ជួយបើកទីផ្សារសម្រាប់ផ្លែមៀនរបស់កម្ពុជា។

តបសំណើនេះ រដ្ឋមន្ត្រី វ៉ាង យី បានស្វាគមន៍ដោយកក់ក្តៅ និងបានសន្យាពន្លឿនកិច្ចការងារពាក់ ព័ន្ធផ្សេងៗ ដើម្បីឱ្យផ្លែមៀនរបស់កម្ពុជា បានចូលទៅក្នុងផ្សារប្រទេសចិន។

លោករដ្ឋមន្ត្រី បង្ហាញក្តី រំពឹងថា ការបើកទីផ្សារសម្រាប់ផ្លែមៀនរបស់កម្ពុជា នឹងជួយឱ្យប្រជាកសិករកម្ពុជាមានជីវភាពកាន់ ល្អប្រសើរ និងមិនជួបបញ្ហាខ្វះទីផ្សារ។

សូមជម្រាបថា សព្វថ្ងៃនេះ ដំណាំមៀន ដែលអាចប្រមូលផលបាន នៅកម្ពុជា មានជិត ៧ពាន់ហិក តា លើផ្ទៃដីសរុប ១៣,៦០៨ហិកតា ហើយបរិមាណនៃការប្រមូលផលសរុប ក្នុងឆ្នាំនេះប្រមាណ ១១ម៉ឺនតោន៕