ប្រធានាធិបតីចូ បៃដិនបានប្រកាសកាលពីថ្ងៃពុធទី១៥កញ្ញាថាសហរដ្ឋអាម៉េរិកនឹងបង្កើតសម្ពន្ធភាពសន្តិសុខឥណ្ឌូ-ប៉ាស៊ីហ្វិកថ្មីជាមួយចក្រភពអង់គ្លេសនិងអូស្ត្រាលី ដែលនឹងអនុញ្ញាតឱ្យមានការចែករំលែកសមត្ថភាពយោធាកាន់តែច្រើនឡើងរួមទាំងការជួយផ្តល់ឱ្យអូស្ត្រាលីនូវនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរជាដើម។ វាជាចំណាត់ការមួយដែលអាចធ្វើឱ្យការខ្វែងគំនិតគ្នាផុងកាន់តែជ្រៅក្នុងទំនាក់ទំនងអាម៉េរិក-ចិន។
លោកបៃដិន នាយករដ្ឋមន្ត្រីអង់គ្លេសបូរីស ចនសុននិងនាយករដ្ឋមន្ត្រីអូស្ត្រាលីស្កុត ម៉ូរីសុនបានបង្ហាញខ្លួនរួមគ្នាតាមអនឡាញដើម្បីលម្អិតអំពីសម្ពន្ធភាពថ្មី ដែលនឹងត្រូវហៅកាត់ថា AUKUS ។ អ្នកទាំងបីបានប្រកាសថាពួកគេនឹងផ្តោតការយកចិត្តទុកដាក់យ៉ាងឆាប់រហ័សក្នុងការអភិវឌ្ឍនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរសម្រាប់អូស្ត្រាលី។
លោកបៃដិន ដែលនិយាយថាសម្ពន្ធភាពថ្មីនេះឆ្លុះបញ្ចាំងពីនិន្នាការទូលំទូលាយនៃដៃគូអឺរ៉ុបដែលដើរតួនាទីនៅឥណ្ឌូ-ប៉ាស៊ីហ្វិក បាននិយាយថា”យើងទាំងអស់គ្នាទទួលស្គាល់ពីភាពចាំបាច់នៃការធានាសន្តិភាពនិងស្ថិរភាពនៅឥណ្ឌូ-ប៉ាស៊ីហ្វិករយៈពេលវែង។ យើងត្រូវមានលទ្ធភាពដោះស្រាយទាំងបរិយាកាសយុទ្ធសាស្ត្របច្ចុប្បន្ននៅក្នុងតំបន់និងរបៀបដែលវាអាចវិវត្ត”។
សម្ពន្ធភាពសន្តិសុខថ្មីនេះទំនងជាត្រូវបានមើលឃើញថាជាទង្វើបង្កហេតុពីសំណាក់ប្រទេសចិនដែលបានសំពងម្តងហើយម្តងទៀតទៅលើលោកបៃដិនខណៈលោកព្យាយាមផ្តោតការយកចិត្តទុកដាក់លើគោលនយោបាយការបរទេសអាម៉េរិកនៅតំបន់ប៉ាស៊ីហ្វិកនៅដើមអាណត្តិដឹកនាំរបស់លោក។
មុនការប្រកាសនេះ មន្ត្រីរដ្ឋាភិបាលអាម៉េរិកជាន់ខ្ពស់ម្នាក់បានព្យាយាមនិយាយសម្រាលគំនិតដែលថាសម្ពន្ធភាពនេះមានបំណងទប់ទល់ចិននៅក្នុងតំបន់។ មន្ត្រីនោះបាននិយាយក្នុងលក្ខខណ្ឌអនាមិកថា ការបង្កើតសម្ពន្ធភាពនេះមិនមានបំណងផ្តោតលើប្រទេសណាមួយទេហើយគឺសំដៅលើកិច្ចខិតខំប្រឹងប្រែងធំជាងមុនដើម្បីទ្រទ្រង់ដល់ការចូលរួមនិងការទប់ទល់នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដោយប្រទេសទាំងបី។
លោកចនសុនបាននិយាយថាសម្ពន្ធភាពនេះនឹងអនុញ្ញាតឱ្យបណ្តាប្រទេសលទ្ធិប្រជាធិបតេយ្យនិយាយភាសាអង់គ្លេសទាំងបីអាចពង្រឹងចំណងទាក់ទងនិងពង្រឹងការផ្តោតសំខាន់លើផ្នែកដែលកាន់តែស្មុគស្មាញឡើងនៃពិភពលោក៕