(បាងកកប៉ុស្តិ៍) ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងកីឡាលោក ភីផាត រ៉ាតឆាគីតប្រាខាន់ បានបញ្ជាក់ថា ទីក្រុងបាងកក ខេត្តឈុនបុរី ខេត្តផេតឆាបុរី ខេត្តប្រាជួប គីរីខាន់ និងខេត្តឈៀងម៉ៃ នឹងចាប់ផ្តើមអនុវត្តផែនការបើកដំណើរការទេសចរណ៍ឡើងវិញនៅថ្ងៃទី ០១ ខែតុលាតាមការគ្រោងទុក។
លោកបាននិយាយកាលពីអង្គារម្សិលមិញថា ខេត្តចំនួន ២១ ផ្សេងទៀតនឹងបើកទេសចរណ៍ឡើងវិញផងដែរនៅថ្ងៃទី ១៥ខែតុលាដើម្បីបំបាត់ការសង្ស័យថាតើរដ្ឋាភិបាលនឹងអាចបន្តផែនការរបស់ខ្លួនឬអត់ នៅពេលប្រឈមមុខនឹងការរីករាលដាលនៃជំងឺរាតត្បាត។
លោកភីផាតបានសារភាពថា ចំនួនខ្ពស់នៃការឆ្លងកូវីដ១៩ គឺជាឧបសគ្គចម្បង ប៉ុន្តែក្រសួងបានត្រៀមខ្លួនយ៉ាងពេញលេញសម្រាប់ការបើកទេសចរណ៍ឡើងវិញ។
លោកបាននិយាយថា ចំពោះករណីឆ្លងថ្មីៗជាង ២០០ ករណីដែលបានកត់ត្រាជារៀងរាល់ថ្ងៃនៅភូកេត តួលេខខ្ពស់ទាំងនេះបានកើតចេញពីប្រតិបត្តិការស្វែងរកករណីសកម្មរបស់ខេត្ត ដែលត្រូវបានអនុវត្តនៅគ្រប់សហគមន៍រួមទាំងពលករចំណាកស្រុកផងដែរ។
ភូកេតគឺជាខេត្តដំបូងគេដែលអនុវត្តកម្មវិធីបើកដំណើរការទេសចរណ៍ឡើងវិញ។
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក អានូទីន ឆានវីរៈគុល បានបន្ថែមថាក្រសួងបានត្រៀមខ្លួនយ៉ាងពេញលេញសម្រាប់ផែនការបើកដំណើរការទេសចរណ៍ឡើងវិញនៅថ្ងៃទី ១ ខែតុលា។
លោកវេជ្ជបណ្ឌិតឆានវីរៈគុលនិយាយថា ការចាក់វ៉ាក់សាំងនឹងឈានដល់ ៧០ ភាគរយនៅដំណាច់ឆ្នាំនេះ នៅពេលវ៉ាក់សាំងបន្ថែមទៀតនឹងមកដល់ជាបន្តបន្ទាប់៕