អាស៊ានកំពុងពន្លឿនផែនការបើកទេសចរណ៍អន្តរជាតិឡើងវិញប្រកបដោយការទទួលខុសត្រូវ

(ភ្នំពេញ)៖ តាមវេទិកាទេសចរណ៍ពិភពលោក-ឥណ្ឌូណេស៊ី (Global Tourism Forum Indonesia– Leaders Summit Asia) អាស៊ានកំពុងពន្លឿនផែនការបើកទេសចរណ៍អន្តរជាតិឡើង វិញ ប្រកបដោយការទទួលខុសត្រូវ។

វេទិកាទេសចរណ៍ពិភពលោក-ឥណ្ឌូណេស៊ីនេះធ្វើឡើងនារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ក្នុងនោះភាគីកម្ពុជាចូលរួមដោយ ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការនៃក្រសួងទេសចរណ៍ តំណាងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមានការចូលរួមផងដែរពីថ្នាក់រដ្ឋមន្ត្រី នៃប្រទេស៖ ព្រុយណេ ឥណ្ឌូណេស៊ី សិង្ហបុរី ថៃ និងវៀតណាម។

កិច្ចពិភាក្សាបានវាយតម្លៃផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ ក្នុងប្រទេសសមាជិកអាស៊ាន, ចែករំលែក បទពិសោធន៍ស្តីពីការឆ្លើយតបចំពោះវិបត្តិកូវីដ-១៩ និងចែករំលែកទស្សនទានលើការបើកទេស ចរណ៍អន្តរជាតិនាពេលខាងមុខ។

កិច្ចពិភាក្សាមានជំហរ និងការយល់ឃើញរួមដូចជា៖ អាស៊ានត្រូវពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែ ខ្លាំងដើម្បីបើកទេសចរណ៍ តំបន់ឡើងវិញនាពេលខាងមុខ តាមរយៈការសម្របសម្រួលវិធានធ្វើដំ ណើរ ដោយយកផែនការស្តារវិស័យទេសចរណ៍អាស៊ាន និងគោលការណ៍ណែនាំ ស្តីពីអនាម័យ និងសុវត្ថិភាព (ដឹកនាំសម្របសម្រួលដោយកម្ពុជា) ជាមូលដ្ឋាននៃការបើកឡើងវិញដោយចាប់ ផ្តើមពីទេសចរណ៍ផ្ទៃក្នុងអាស៊ាន។

ឯកឧត្តម រដ្ឋលេខាធិការប្រចាំការក៏បានចែករំលែកអំពីភាពជឿនលឿនទៅមុខនៃការចាក់វ៉ាក់សាំង កូវីដ-១៩ នៅកម្ពុជា ការអនុវត្តផែនទីចង្អុលផ្លូវលើការស្តារ និងលើកស្ទួយទេសសចរណ៍កម្ពុជា អំឡុងនិងក្រោយវិបត្តិកូវីដ-១៩ ការរៀបចំផែនការយុទ្ធសាស្ត្របើកទេសចរណ៍សុវត្ថិភាពនាពេល ខាងមុខ ការអនុវត្ត SOP ក្នុងវិស័យទេសចរណ៍នៅកម្ពុជាជាដើម។

រដ្ឋមន្ត្រីទេសចរណ៍អាស៊ានក៏បានបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងអាស៊ានក្នុងការចូលរួមទប់ទល់ និងដោះស្រាយផលប៉ពាល់នៃវិបត្តិកូវីដ១៩ លើវិស័យទេសចរណ៍តាមរយៈលទ្ធផលនៃកិច្ចប្រជុំ រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ស្ដីពីជំងឺកូវីដ១៩ នាខែមេសា ឆ្នាំ២០២០ និងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរ ណ៍អាស៊ានលើកទី២៤ និងកិច្ចប្រជុំពាក់ព័ន្ធនាខែកុម្ភ: ឆ្នាំ២០២១ ក្រោមការដឹកនាំរបស់កម្ពុជា ជាប្រធានកិច្ចប្រជុំ និង ឥណ្ឌូណេស៊ីជា អនុប្រធាន។

ថ្នាក់ដឹកនាំទេសចរណ៍អាស៊ាន បានស្នើសុំឲ្យ World Tourism Forum Institute ដែលមាន លោក Taleb Rifai អតីតអគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក ជាអគ្គលេខាធិការ ធ្វើជាដៃគូគាំទ្រ និងជំរុញការបើកទេសចរណ៍អាស៊ានឡើងវិញ។

Global Tourism Forum – Leaders Summit Asia នេះត្រូវបានបើកដោយអនុប្រធានាធិបតី ឥណ្ឌូណេស៊ី មានវាគ្មិនសំខាន់ៗ ដូចជា៖ អតីតនាយករដ្ឋមន្ត្រីអង់គ្លេស Tony Blair អតីតរដ្ឋមន្ត្រី ការបរទេសអង់គ្លេស Jack Straw លោក Taleb Rifai អតីតអគ្គលេខាធិការ UNWTO និងតំណាង សហគមន៍អន្តរជាតិផ្សេងៗទៀត៕