រដ្ឋមន្ត្រីសុខាភិបាល ទទួលជំនួយម៉ូតូចំនួន ៤០០គ្រឿង ពី JICA សម្រាប់ចែកជូនមន្ដ្រីសុខាភិបាល ជួរមុខទូទាំង២៥រាជធានី-ខេត្ដ ប្រើប្រាស់ក្នុងការងារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩

(ភ្នំពេញ)៖ ឯកឧត្តម សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ បានអញ្ជើញទទួលជំនួយម៉ូតូចំនួន ៤០០គ្រឿង ពីទីភ្នាក់ងារសហប្រតិបត្តិ ការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ដើម្បីចែកចែកជូនមន្ត្រីសុខាភិបាលជួរមុខនៅតាមបណ្ដា រាជធានី-ខេត្ដទាំង២៥ សម្រាប់ប្រើប្រាស់ក្នុងការងារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

ពិធីប្រគល់នឹងទទួលនេះ បានធ្វើឡើងនៅឃ្លាំងឱសថកណ្ដាលនៃក្រសួងសុខាភិបាល ដែលមានការ អញ្ជើញចូលរួមដោយផ្ទាល់ពីលោកស្រី កាមេយ ហារូកុ ប្រធានតំណាងការិយាល័យ JICA ប្រចាំ ប្រទេសកម្ពុជា។

លោកស្រីប្រធានតំណាងការិយាល័យ JICA ប្រចាំកម្ពុជា បានសម្ដែងនូវការកោតសរសើរចំពោះ រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ដែលបានខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ ក្នុងការ ទប់ស្កាត់ការរាលត្បាតជំងឺកូវីដ១៩ ក៏ដូចជាការពារសុខភាពរបស់ប្រជាជនទាំងមូល។

លោកស្រីក៏បានសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់វ៉ាក់ សាំងកូវីដ១៩ ដល់ជនជាតិជប៉ុនទាំងអស់រស់នៅលើទឹកដីកម្ពុជា។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានគូសបញ្ជាក់ពីទឹកចិត្តសប្បុរស ធម៌ដ៏ថ្លៃថ្លារបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន ត្រូវបានចងចាំទុកដោយ រាជរដ្ឋាភិបាលកម្ពុជា និងមន្រី្ដសុខាភិបាល ព្រមទាំងអ្នករងគ្រោះដោយជំងឺកូវីដ-១៩។

ជាមួយគ្នានេះដែរ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំ ពោះជំនួយមនុស្សធម៌ដ៏ថ្លៃថ្លារបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន គឺជាកាយ វិការនៃវប្បធម៌ចែករំលែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយ គតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជាពិសេសក្នុងកាលៈទេសៈ បច្ចុប្បន្ន ដែលយើងបាននឹងកំពុងខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរាលដាលនៃជំងឺកូវីដ១៩ នៃព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ៕