តុលាការខេត្តកណ្ដាល ចេញដីកាឃុំខ្លួនមនុស្ស៩នាក់ ករណីតវ៉ាដោយហិង្សា និងបង្ករបួសស្នាមលើមន្ត្រីនគរបាល១៣រូប រឿងដីធ្លីនៅព្រលានយន្តហោះថ្មី

(កណ្ដាល)៖ លោក វ៉ាន់ សុបញ្ញា ចៅក្រមសាលាដំបូងខេត្តកណ្ដាល បានសម្រេចចោទប្រកាន់ និងឃុំខ្លួនមនុស្សចំនួន៩នាក់ ក្រោយប្រើហិង្សាលើនគរបាលខេត្តកណ្ដាល ឱ្យរបួសស្នាមចំនួន១៣រូប ក្នុងករណីតវ៉ាករណីដីធ្លី នៅព្រលានយន្តហោះថ្មី នៅភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ នេះបើតាមលោក សូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល បានបញ្ជាក់ប្រាប់អោយដឹងនាយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ។

លោកបានបញ្ជាក់ទៀតថា ពលរដ្ឋទាំង៩រូបនោះ ត្រូវបានចោទប្រកាន់បទ «ហិង្សាដោយចេតនាមានស្ថាននទម្ងន់ទោស, ញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ និងប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស»។

គួររំលឹកថា កាលពីយប់ថ្ងៃទី១២ ខែកញ្ញាថ្មីៗនេះ នគរបាលខេត្តកណ្ដាល បានឃាត់ខ្លួនមនុស្សចំនួន៣០នាក់ យកមកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ក្រោយពលរដ្ឋប្រមាណជាង១០០នាក់ បានធ្វើការបាតុកម្ម ដុតកង់ឡាន គប់ដប់សាំង បាញ់ចំពាមកៅស៊ូ ប្រើដំបង និងគប់ដុំថ្ម ដែលបង្កឱ្យនគរបាលចំនួន១៣នាក់ មានរបួសស្នាម ស្ថិតនៅភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

សមត្ថកិច្ចបានសម្រេចបំបែកក្រុមបាតុករដោយប្រើប្រាស់រថយន្តបាញ់ទឹក ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីការពារខ្លួន និងបំបែកក្រុមបាតុករ។

បើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្ដាល បានឱ្យដឹងថា រដ្ឋបាលខេត្តកណ្ដាល មានការសោកស្ដាយចំពោះទង្វើជ្រុលនិយមរបស់ក្រុមមនុស្សដែលប្រព្រឹត្ដខុសបានអំពើនេះអាចនាំឱ្យសណ្ដាប់ធ្នាប់សន្តិសុខនឹងបំភ្លេចបំផ្លាញផលប្រយោជន៍ដ៏ធំរបស់ជាតិ។

រដ្ឋបាលខេត្តកណ្ដាល សូមអំពាវនាវដល់ក្រុមបាតុករទាំងអស់បញ្ឈប់នូវរាល់សកម្មភាពខុសច្បាប់ទាំងឡាយឱ្យមកចូលរួមដោះស្រាយដោយសន្តិវិធី និងចូលរួមគោរពតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិយើងឱ្យរីកចម្រើនឡើង៕