(ភ្នំពេញ)៖ លោក ទិតសុទ្ធី បូរ៉ាឆាត ចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ន បានសម្រេចឃុំខ្លួនបណ្តោះអាសន្នជនសង្ស័យចំនួន០៣នាក់ ក្នុងនោះបុរស ម្នាក់ជាជនជាតិនីហ្សេរីយ៉ា អាយុ៣៨ឆ្នាំ និងស្ត្រីជនជាតិខ្មែរចំនួន២នាក់ ពីបទ «ឆបោក និងសម្អាត ប្រាក់»។
បើតាមលោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ នៅយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះថា ការសម្រេចចេញដីកាឃុំខ្លួនជា បណ្តោះអាសន្ននេះរបស់ចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញ លើបុរសជនជាតិនីហ្សេរីយ៉ា និងស្ត្រីជនជាតិខ្មែរទាំង២នាក់គឺបានធ្វើឡើងសមត្ថកិច្ចជំនាញការិយាល័យប្រឆាំងបទល្មេីសបច្ចេកវិទ្យានៃផែនការងារសន្តិសុខធ្វេីការឃាត់ខ្លួន។
លោកវរសេនីយ៍ឯក សាន សុខសីហា បានឱ្យដឹងថា ជនល្មើសបានទំនាក់ទំនងមកកាន់ស្រ្តីជាប្រពន្ធ ជនរងគ្រោះ តាមរយៈកម្មវិធី WhatsApp កាលពីអំឡុងដើមឆ្នាំ២០២០ ដោយបានឱ្យស្ត្រីជាប្រពន្ធ ជនរងគ្រោះផ្ញើប្រាក់ពីប្រទេសកាណាដា ចូលមកគណនីធនាគារក្នុងប្រទេសកម្ពុជាជាបន្តបន្ទាប់ ដោយប្រាប់ថា ជនរងគ្រោះឈ្មោះ CHEN STEVEN ត្រូវសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ កម្ពុជាឃាត់ខ្លួន និងឃុំខ្លួនដោយមូលហេតុហួសសុពលភាពទិដ្ឋាការ ហើយត្រូវផ្ញើលុយឱ្យពួកគេ ដើម្បីសម្របសម្រួល។
តាមចម្លេីយសារភាពរបស់ប្រពន្ធជនល្មើស ថាខ្លួនពិតជាបានទទួលប្រាក់ពីក្រៅប្រទេស តាមរយៈការផ្ទេរប្រាក់ចូលមកក្នុងគណនីធនាគាររបស់ខ្លួន ជាច្រើនបន្តបន្ទាប់ ដោយគ្មានប្រភពច្បាស់លាស់សរុបជាទឹកប្រាក់៖ ទឹកប្រាក់សរុបដែលបានផ្ទេរប្រាក់មកពីក្រៅប្រទេសចូលធនាគារ ABA ចំនួន ២៣៧,១៤២ដុល្លារ ហើយផ្ទេរចេញពីធនាគារ ABA មានចំនួន ១,៦០០ដុល្លារ និងការផ្ទេរប្រាក់ចេញពីគណនីវីងវេរប្រាក់សរុបទឹកប្រាក់ចំនួនៈ ៩,៨៦៦ដុល្លារ ទៅគ្នីគ្នាបន្ត។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា បន្ទាប់មកសមត្ថកិច្ចបានបន្តឃាត់ខ្លួនបុរសជនជាតិ នីហ្សេរីយ៉ា និងប្រពន្ធ ក្រោយពីបានធ្វេីការសាកសួររួចមកជនសង្ស័យទាំងអស់បានសារភាពថាខ្លួនពិតជាបានទទួលប្រាក់ និងផ្ទេរប្រាក់ទៅក្រៅប្រទេសពិតប្រាកដមែន ដោយគ្មានប្រភពច្បាស់លាស់សរុបមានទឹកប្រាក់ដែលបានផ្ទេរចេញពីធនាគារមានចំនួន ៧៣,១៤១ដុល្លារ។
លោកវរសេនីយ៍ឯក សាន សុខសីហា ក្នុងនាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាប្រុងប្រយ័ត្នខ្ពស់ ត្រូវគិតពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ កុំឆាប់ជឿការបញ្ចុះបញ្ចូល ឆបោករបស់អ្នកដទៃ ជាពិសេសមនុស្សដែលយេីងមិនស្គាល់ប្រវត្តច្បាស់លាស់៕