សម្តេចតេជោ ហ៊ុន សែន សម្រេចប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារអាយុ៦ឆ្នាំ ដល់ ១២ឆ្នាំ ចាប់ផ្តើមពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ !

(ភ្នំពេញ)៖ យោងតាមសារសម្លេងរបស់សម្តេចតេជោ ហ៊ុន សែន ដែលទទួលបានផ្លូវការ នាព្រឹកថ្ងៃ ទី១៥ កញ្ញានេះ គឺសម្តេចតេជោ ហ៊ុន សែន សម្រេចប្រកាសបើកយុទ្ធនាការ ចាក់វ៉ាក់សាំងជូនកុមារ អាយុ៦ ឆ្នាំ ដល់ ១២ឆ្នាំ ចាប់ផ្តើមពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១។

សម្តេចតេជោ នឹងប្រកាសបើក យុទ្ធនាការនៅវិមានសន្តិភាព នាថ្ងៃសុក្រសប្តាហ៍នេះ
តាមរយៈសារសំឡេងនៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កន្លងទៅរាជរដ្ឋា ភិបាលកម្ពុជា បានចាក់វ៉ាក់សាំងដល់កុមារអាយុចន្លោះពី១២ដល់ ១៧ឆ្នាំ ដែលជិតរួចរាល់ហើយ ហើយពេលនេះ យើងបើកយុទ្ធនាការបន្តសម្រាប់ចាក់ដល់កុមារអាយុពី៦ឆ្នាំទៅ១២ឆ្នាំបន្តទៀត ដើម្បីធ្វើយ៉ាងណាឱ្យកុមារទាំងនោះអាចចូលរៀននៅថ្នាក់បឋមនៅពេលខាងមុខ។

សម្តេចបានបន្តថា ការបើកយុទ្ធនាការនេះត្រូវធ្វើនៅទូទាំងប្រទេស ហើយថ្នាក់ជាតិយើងនឹងបើក នៅវិមានសន្តិភាព នាថ្ងៃសុក្រទី១៦ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ ហើយបន្ទាប់ពីនោះសម្តេច នឹងមានសន្និសីទដូចកន្លងទៅដែរ។

សម្តេចស្នើឱ្យមន្រ្តីពាក់ព័ន្ធនឹងសុខាភិបាល រៀបចំវ៉ាក់សាំង និងក្រុមគ្រូពេទ្យ សម្រាប់ចាក់វ៉ាក់សាំង ដល់កុមារអាយុ៦ឆ្នាំដល់១២ឆ្នាំ ដែលមានចំនួនប្រមាណ១.៩លាននាក់នៅទូទាំងប្រទេស។

សម្តេចបញ្ជាក់ថា «យើងធ្វើយ៉ាងដូច្នេះសំដៅដើម្បីឱ្យកុមារដែលត្រូវចូលរៀនបឋមសិក្សាអាចនឹងចូលរៀនបានដោយគ្មានការភ័យខ្លាច ព្រោះពួកគេទទួលបានវ៉ាក់សាំង»។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅជំហានបន្ទាប់ទៀត រាជរដ្ឋាភិបាល ក៏នឹងគិតគូរដល់ ការចូលរៀនរបស់ក្មេងសម្រាប់ថ្នាក់មត្តេយ្យ ក្នុងរង្វង់អាយុ៣ទៅ៦ឆ្នាំផងដែរ៕