(ឡុងដ៍)៖ យោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅយប់ថ្ងៃអង្គារ ទី១៤ ខែកញ្ញា ឆ្នាំ២០២១ បញ្ជាក់ថា រដ្ឋាភិបាលអង់គ្លេសបានប្រកាសនៅថ្ងៃអង្គារនេះថា ខ្លួននឹងពន្យាពេលការ ត្រួតពិនិត្យព្រំដែនក្រោយ Brexit លើការនាំចូលទំនិញពីសហភាពអឺរ៉ុប (EU) ដោយលើកឡើងថា ផលរំខានដោយជំងឺកូវីដ១៩ បានធ្វើឲ្យសកម្មភាពពាណិជ្ជកម្មរងសម្ពាធរួចស្រេចទៅហើយ ដោយ មិនចង់ដាក់សម្ពាធបន្ថែមទៀតទេ។ ការពន្យារពេលនេះមានន័យថា ការត្រួតពិនិត្យលើផលិត ផលកសិកម្ម និងសត្វរបស់សហភាពអឺរ៉ុប ដែលគ្រោងនឹងចាប់ផ្តើមពីខែតុលា នឹងមិនត្រូវបានណែនាំ ទេរហូតដល់ឆ្នាំក្រោយ។
ចក្រភពអង់គ្លេសបាននិយាយថា «កាលវិភាគថ្មីជាក់ស្តែង» នឹងបន្ធូរបន្ថយសម្ពាធលើអាជីវកម្ម ដែលកំពុងប្រឈមមុខនឹងការរំខានដល់សង្វាក់ផ្គត់ផ្គង់ដោយសារជំងឺរាតត្បាត។ ការប្រកាសនិងការត្រួតពិនិត្យគយនឹងត្រូវបានណែនាំនៅថ្ងៃទី១ ខែមករាឆ្នាំក្រោយ ប៉ុន្តែការប្រកាស សុវត្ថិភាពនិងសន្តិសុខនឹងមិនត្រូវបានទាមទារទេ រហូតដល់ថ្ងៃទី១ ខែកក្កដាឆ្នាំក្រោយ។
រដ្ឋមន្ត្រីក្រសួង Brexit របស់អង់គ្លេសលោក David Frost បានមានប្រសាសន៍ថា «យើងចង់ឱ្យ អាជីវកម្មផ្តោតលើការដោះស្រាយវិបត្តិជំងឺរាតត្បាត ជាជាងត្រូវដោះស្រាយជាមួយនឹងតម្រូវការថ្មីនៅ តាមព្រំដែនបន្ថែមទៀត»៕