ប្រមុខការទូតចិននិងមន្ត្រីសិង្ហបុរីជួបគ្នាដើម្បីបញ្ជាក់ទំនាក់តំនងឡើងវិញ

មន្ត្រីការទូតកំពូលរបស់ចិនបានជួបប្រជុំនៅប្រទេសសិង្ហបុរីនៅថ្ងៃអង្គារនេះជាមួយនាយករដ្ឋមន្ត្រីនៃរដ្ឋទីក្រុងដ៏មានស្តុកស្តម្ភដោយបានបញ្ជាក់សាជាថ្មីអំពីសារៈសំខាន់នៃទំនាក់ទំនងពាណិជ្ជកម្មនិងការទូតរវាងប្រទេសទាំងពីរ។នៅក្នុងសារបង្ហោះតាមហ្វេសប៊ុក នាយករដ្ឋមន្ត្រីសិង្ហបុរីលោកលី សៀនឡុងបាននិយាយថាលោកមានការពិភាក្សាប្រកបដោយ “ផលិតភាពនិងភាពស្មោះត្រង់”ជាមួយរដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាង យី ដោយនិយាយអំពីការវិវត្តន៍អន្តរជាតិនិងតំបន់។

លោកលីបានសរសេរថា”សិង្ហបុរីស្វាគមន៍ការចូលរួមចំណែកបន្តរបស់ចិននៅក្នុងផ្នែករបស់យើងនៅលើពិភពលោកហើយនឹងបន្តធ្វើការជាមួយចិនដើម្បីកសាងពិភពលោកប្រកបដោយសុខដុមរមនានិងសន្តិភាពជាងមុន”។ក្រសួងការបរទេសសិង្ហបុរីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកវ៉ាងនិងលោកលីក៏បានបញ្ជាក់ផងដែរអំពី”សម្ទុះវិជ្ជមាននៅក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរចំពេលមានជំងឺកូវីដ១៩”។

លោកវ៉ាងកំពុងស្ថិតនៅក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេលមួយសប្តាហ៍ហើយបានធ្វើទស្សនកិច្ចនៅប្រទេសវៀតណាមនិងកម្ពុជា មុនដំណើរទស្សនកិច្ចការងាររយៈពេលពីរថ្ងៃនៅសិង្ហបុរី។ លោករំពឹងបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូងបន្ទាប់ពីប្រទេសសិង្ហបុរី៕