(ខូឡូរ៉ាដូ)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AP នាព្រឹកថ្ងៃពុធ ទី១៥ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់ថាប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានថ្លែងនៅថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ថា បញ្ហាអាក្រក់ៗបង្កឡើងដោយ អាកាសធាតុកើនឡើងកម្តៅ នឹងធ្វើ ឲ្យសហរដ្ឋអាមេរិកខាតបង់សេដ្ឋកិច្ច គិតជាទឹកប្រាក់លើសពី ១០០ពាន់លានដុល្លារទៅទៀត នៅ ក្នុងឆ្នាំ២០២១នេះ។
ការថ្លែងរបស់លោក ចូ បៃដិន ត្រូវបានធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ច របស់លោក ទៅកាន់រដ្ឋ ខូឡូរ៉ាដូ (Colorado) បន្ទាប់ពីលោកបានបញ្ចប់ទស្សនកិច្ចនៅរដ្ឋ កាលីហ្វ័រ ញ៉ា ដែលបាននិងកំពុងរងគ្រោះភ្លើងឆេះព្រៃយ៉ាងដំណំ និងត្រូវការជំនួយចាំបាច់ពីរដ្ឋាភិបាល សហព័ន្ធនោះ។ ទស្សនកិច្ចរបស់លោក ចូ បៃដិន ក្នុងរដ្ឋទាំងអស់នេះ បានកើតមានឡើងខណៈ ដែលសហរដ្ឋអាមេរិក ទើបបានទទួលរងគ្រោះធម្មជាតិធ្ងន់ធ្ងរ ជាពិសេសទឹកជំនន់នៅបណ្តារដ្ឋភាគ ខាងកើត និងឦសានដូចជា ញូយ៉ក ភែនស៊ីលវេនៀ និងញូជែស៊ីជាដើម ដែលបានផ្តាច់ជីវិតមនុស្ស រហូតដល់ជិត ៥០នាក់។
ក្នុងសប្តាហ៍នេះព្យុះត្រូពិច នីកូឡាស់ (Nicholas) ក៏ទើបតែបានវាយប្រហាររដ្ឋ តិចសាស់ និង ល្វីស្យាណា (Louisiana) ផងដែរ ដោយបានបង្កឲ្យមានទឹកជំនន់តាមដងផ្លូវ និងមនុស្សរាប់រយ នាក់ភៀសខ្លួនចេញពីផ្ទះសម្បែង បូករួមទាំងការដាច់ចរន្តអគ្គិសនី។ ដំណើរទស្សនកិច្ចរបស់លោក ចូ បៃដិន លើកនេះក៏ចង់បង្ហាញឲ្យគ្រប់គ្នាឃើញផងដែរថា ការគាំទ្រដល់ផែនការស្តារហេដ្ឋារចនា សម្ព័ន្ធនានា នៅទូទាំងសហរដ្ឋអាមេរិកឡើងវិញ គឺពិតជារឿងចាំបាច់ណាស់ ជាពិសេសនៅចំ ពោះមុខ បញ្ហាបង្កឡើងដោយការប្រែប្រួលអាកាសធាតុបែបនេះ។
ជាចុងក្រោយលោក ចូ បៃដិន បានថ្លែងចេញពីរដ្ឋខូឡូរ៉ាដូថា ព្រឹត្តិការអាក្រក់ៗ បង្កឡើងដោយ អាកាសធាតុប្រែប្រួល នឹងកាន់តែសាហាវខ្លាំងឡើងៗ ហើយផលប៉ះពាល់ដល់សេដ្ឋកិច្ចគិត ជាទឹកប្រាក់ នឹងកើនឡើងដល់លើស ១០០ពាន់លានដុល្លារទៅទៀត សម្រាប់សហរដ្ឋអាមេរិក ក្នុងឆ្នាំ២០២១នេះ ខណៈកាលពីឆ្នាំ២០២០កន្លងទៅនេះ សហរដ្ឋអាមេរិកបានខាតបង់ ៩៩ពាន់ លានដុល្លាររួចទៅហើយ៕