(ថៃ)៖ តាមការចេញផ្សាយដោយកាសែត Bangkok Post នៅថ្ងៃទី១៤ កញ្ញា ឆ្នាំ២០២១នេះ គឺបានអោយដឹងថា រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃនៅថ្ងៃអង្គារនេះបានឱ្យដឹងថា ទីក្រុង បាងកក និងខេត្ត៤ចំនួនទៀត រួមមានខេត្តឈុនបូរី ខេត្តផេតចាបូរី ខេត្តប្រាជួបគិរីខាន់ និងខេត្ត ឈៀងម៉ៃ នឹងចាប់ផ្តើមអនុវត្តផែនការបើកទទួលភ្ញៀវទេសចរបរទេសឡើងវិញ នៅថ្ងៃទី០១ ខែ តុលាខាងមុខនេះតាមការគ្រោងទុក បើទោះបីជាចំនួន នៃអ្នកឆ្លងជំងឺកូវីដ ក្នុងប្រទេសនេះនៅតែ ខ្ពស់ក៏ដោយ។
ចំណែកខេត្តចំនួន២១ផ្សេងទៀត នឹងចាប់បើកទទួលភ្ញៀវទេសចរបរទេស ថ្ងៃទី១៥ ខែតុលា។
លោក Phiphat Ratchakitprakarn រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា បានសារភាពចំនួនដ៏ខ្ពស់ នៃអ្នកឆ្លងជំងឺកូវីដ១៩ថ្មីប្រចាំថ្ងៃ គឺជាឧបសគ្គធំមួយសម្រាប់ការបើកដំណើរការទទួលភ្ញៀវទេសចរ ប៉ុន្តែក្រសួងបានត្រៀមវិធានការពាររួចរាល់ហើយសម្រាប់ការបើកឡើងវិញនៅថ្ងៃទី១ ខែតុលា។
សូមជម្រាបថា កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ថៃបានចាប់ផ្តើមបើកទទួលភ្ញៀវទេសចរបរទេស នៅភូកេតដំបូងគេ ដើម្បីស្រោចស្រង់វិស័យទេសចរណ៍ ដែលជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់របស់ខ្លួន។ ភ្ញៀវទេសចរណ៍ដែលមកលេងកម្សាន្តនៅភូកេត នឹងមិនតម្រូវឱ្យធ្វើចត្តាឡីស័កនោះទេ។ បច្ចុប្បន្ននេះករណីឆ្លងថ្មីនៅខេត្តភូកេត មានប្រមាណ២០០នាក់ក្នុងមួយថ្ងៃៗ៕