អតីតមេដឹកនាំមីយ៉ាន់ម៉ា វិលមកកាន់តុលាការក្រោយអាកខានដោយសារសុខភាព

នៅមួយថ្ងៃក្រោយលោកស្រីខកខានមិនបានបង្ហាញខ្លួននៅតុលាការដោយហេតុផលសុខភាព មេ ដឹកនាំមីយ៉ាន់ម៉ា ដែលត្រូវបានបណ្តេញចេញពីអំណាចលោកស្រី អ៊ុងសាន ស៊ូជី បានវិលទៅកាន់តុលាការកាលពីថ្ងៃអង្គារដើម្បីប្រឈមការចោទប្រកាន់ពីបទញុះញង់និងរំលោភការរឹតត្បិតប្រឆាំងកូវីដ១៩ នេះបើតាមការបញ្ជាក់ពីមេធាវីរបស់លោកស្រីស៊ូជី និងរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី ត្រូវបានយោធាទម្លាក់នៅក្នុងរដ្ឋប្រហារកាលពីខែកុម្ភៈ ដែលបានបង្កការបះបោរមហាជននិងការ បង្ក្រាបយ៉ាងព្រៃផ្សៃពីសំណាក់កងទ័ព។

ដោយត្រូវបានកាត់ផ្តាច់ពីពិភពខាងក្រៅ ជ័យលាភីរង្វាន់ណូបែលសន្តិភាពវ័យ៧៦ឆ្នាំរូបនេះ ប្រឈមការចោទប្រកាន់មួយចំនួនដែលអាចអោយលោកស្រីជាប់គុកជាង១ទសវត្សរ៍។សវនាការកាលពីថ្ងៃចន្ទត្រូវបានលើកពេលបន្ទាប់ពីស៊ូជីជួបអ្វីដែលមេធាវីបាននិយាយថា «ការពុលរថយន្ត»ក្នុងពេលត្រូវបាននាំខ្លួនចេញពីផ្ទះបង្ខាំងខ្លួនទៅកាន់តុលាការ។

យោងតាមមេធាវី ឃីន មួង ហ្សរ លោកស្រីស៊ូជីនៅធីងធោងវិលមុខនៅឡើយ។លោកបានបន្ថែមថា សវនាការនេះពាក់ព័ន្ធនឹងការចោទប្រកាន់លោកស្រីស៊ូជីពីបទរំលោភការរឹតត្បិតប្រឆាំងវីរុសកូរ៉ូណាក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតដែលនាំអោយគណបក្សរបស់លោកស្រីឈ្នះឆ្នោតកាលពីឆ្នាំមុន។

វាត្រូវបានលើកពេលដោយសារសាក្សីមិនបានបង្ហាញខ្លួន។ទោះជាយ៉ាងណាមេធាវីរបស់ស៊ូជីបានបដិសេធការចោទប្រកាន់។ក្រុមអ្នកកាសែតត្រូវបានហាមចូលយកព័ត៌មានអំពីសវនាការលោកស្រីស៊ូជី ដែលក៏ប្រឈមការចោទប្រកាន់ពីបទបះបោរ ទទួលសំណូកនិងការរំលោភច្បាប់ការសម្ងាត់រដ្ឋ៕