គ.ជ.អ.ប បង្ហាញលទ្ធផលសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងឯកសារកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២

(ភ្នំពេញ)៖ សិក្ខាសាលាពិគ្រោះយោបល់លើ «សេចក្តីព្រាងឯកសារកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០)» ត្រូវបានរៀបចំឡើងដោយលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) រយៈពេលមួយថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ តាមរយៈប្រព័ន្ធ Zoom ដោយមានអ្នកចូលរួមប្រមាណ៤០០នាក់ ដែលជាតំណាងថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

សេចក្តីព្រាងឯកសារកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០) ត្រូវបានរៀបចំតាក់តែងឡើង ក្រោមការដឹកនាំ និងសម្របសម្រួលដោយគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) តាំងពីពាក់កណ្តាលឆ្នាំ២០២០ ដែលជាឆ្នាំចុងក្រោយ នៃកម្មវិធីជាតិរយៈពេល១០ឆ្នាំដំបូង នៃកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ។

នេះជាឯកសារដែលបានកំណត់អំពីសមិទ្ធផល និងលទ្ធផលដែលរំពឹងទុក ដើម្បីធានាក្នុងការសម្រេចឲ្យបាននូវចក្ខុវិស័យសំខាន់ៗ នៃកិច្ចដំណើរការ លើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរហូតដល់ឆ្នាំ២០៣០ ដែលពាក់ព័ន្ធនឹងការពង្រឹង និងកែសម្រួលរចនាសម្ព័ន្ធ និងប្រព័ន្ធរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ តាមប្រភេទនីមួយៗ ដោយមានការកំណត់នូវតួនាទី និងការទទួលខុសត្រូវយ៉ាងច្បាស់លាស់ ព្រមទាំងការបន្តលើកកម្ពស់ស្វ័យភាព និងសមត្ថភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអភិវឌ្ឍមូលដ្ឋាន និងការផ្តល់សេវាសាធារណៈចាំបាច់នានាដោយផ្ទាល់ជូនប្រជាពលរដ្ឋ។

ក្រោមការសម្របសម្រួលដោយលេខាធិការដ្ឋាន គ.ជ.អ.ប សមាជិកអង្គសិក្ខាសាលា ដែលសុទ្ធសឹងជាតួអង្គប្រតិបត្តិដោយផ្ទាល់នូវការងារកំណែទម្រង់ ដ៏មានសារៈសំខាន់នេះ បានស្តាប់នូវបទបង្ហាញអំពីខ្លឹមសារ នៃសេចក្តីព្រាងឯកសារកម្មវិធីជាតិ និងបានចូលរួមពិនិត្យ ពិភាក្សាគ្នាទៅតាមក្រុមពិភាក្សានីមួយៗ យ៉ាងផុសផុល។

ជាមួយគ្នានឹងការផ្តល់មតិយោបល់កែសម្រួល និងបំពេញបន្ថែមនូវចំណុចជាក់លាក់មួយចំនួន អង្គសិក្ខាសាលាបានសម្តែងនូវការគាំទ្រ ទៅលើសេចក្តីព្រាងឯកសារកម្មវិធីជាតិ។

ផ្អែកលើលទ្ធផល នៃសិក្ខាសាលានេះ លេខាធិការដ្ឋាន គ.ជ.អ.ប នឹងបន្តរៀបចំកែសម្រួល ដើម្បីត្រៀមដាក់ជូនកិច្ចប្រជុំពិនិត្យ ពិភាក្សារបស់ គ.ជ.អ.ប មុននឹងស្នើសុំការពិនិត្យ និងអនុម័តពីរាជរដ្ឋាភិបាលនាអំឡុងខែតុលា ឆ្នាំ២០២១ ខាងមុខនេះ៕