កម្ពុជា UN និងបណ្តារដ្ឋជាហេត្ថលេខីនៃមហាអនុតំបន់ទន្លេមគង្គ បានឯកភាពរួមគ្នាធ្វើឱ្យប្រសើរឡើងផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀន

(ភ្នំពេញ)៖ ប្រទេសកម្ពុជា, អង្គការសហប្រជាជាតិ (UN) និងបណ្តារដ្ឋជាហេត្ថលេខីនៃមហាអនុតំបន់ទន្លេមគង្គ បានឯកភាពរួមគ្នាធ្វើឱ្យប្រសើរឡើងផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបន្តយន្តការ MOU។

ការឯកភាពគ្នារវាងប្រទេសមហាអនុតំបន់ទន្លេមេគង្គនេះ បានធ្វើឡើងនាថ្ងៃទី០៩ ខែកញ្ញា ក្នុងឱកាសកម្ពុជា បានធ្វើជាម្ចាស់ផ្ទះបើកកិច្ចប្រជុំថ្នាក់មន្រ្តីជាន់ខ្ពស់ នៃបណ្តាប្រទេសហត្ថលេខីលើអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ១៩៩៣ ស្តីពីកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន ដែលមានសមាសភាពចូលរួមពីប្រទេសចំនួន៦ រួមមាន៖ ប្រទេសកម្ពុជា ចិន ឡាវ សហភាពមីយ៉ាន់ម៉ា ថៃ និងវៀតណាម ក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា តាមប្រព័ន្ធវីដេអូ។

អស់រយៈពេលពេញ០១ថ្ងៃ នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ប្រទេសកម្ពុជា និងអង្គការសហប្រជាជាតិ (UN) និងបណ្តារដ្ឋជាហេត្ថលេខីនៃមហាអនុតំបន់ទន្លេមគង្គទាំង៦ បានបន្តកិច្ចពិភាក្សាយ៉ាងល្អិតល្អន់ពិនិត្យទៅលើផែនការសកម្មភាពអនុតំបន់ទី១១ ដែលរៀបចំឡើងដោយអង្គការ UNODC អនុម័តក្នុងកិច្ចប្រជុំថ្នាក់មន្រ្តីជាន់ខ្ពស់ និងរដ្ឋមន្រ្តីកាលពីថ្ងៃទី១៣-១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទៅក្រុងបាងកក ប្រទេសថៃ ហើយការអនុវត្តផែនការសកម្មភាពអនុតំបន់ទី១១នេះ មានសារៈសំខាន់ និងឆ្លើយតបបានទៅនឹងយន្តការត្រួតពិនិត្យគ្រឿងញៀនទាំងក្របខ័ណ្ឌថ្នាក់ជាតិ តំបន់ និងសកលលោក ក្នុងបរិបទនៃជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ន។

ក្នុងឱកាសនោះ លោក Jeremy Douglas បានថ្លែងអំណរគុណ និងកោតសរសើរកម្ពុជាជាម្ចាស់ផ្ទះ ដែលបានរៀបចំកិច្ចប្រជុំនេះប្រកបដោយភាពភាពបត់បែនសម្របសម្រួលទៅនឹងស្ថានភាពបច្ចុប្បន្ន បណ្តារដ្ឋជាសមាជិកបានបន្តការប្តេជ្ញាចិត្ត ប្រកបដោយឆន្ទះមុតមាំក្នុងការធ្វើការរួមគ្នាជំនះឧបសគ្គនៃជំងឺរាតត្បាតកូវីដ១៩ បង្រ្កាបទប់ស្កាត់បង្រ្កាបឈ្មួញឆក់ឱកាសជួញដូរដឹកជញ្ជូនគ្រឿងញៀនសំយោគនៅក្នុងតំបន់ទន្លេមេគង្គ បន្តដោះស្រាយបញ្ហាប្រឈមអង្គភាពអនុវត្តច្បាប់នៅក្នុងប្រទេសនីមួយៗ និងគម្រោងកម្មវិធីនានារបស់ អង្គការ UNODC នៅថ្នាក់តំបន់ ដោយបន្តលើកទឹកចិត្តពីកិច្ចខិតខំប្រឹងប្រែងជាច្រើនដែលសម្រេចបានទាំងថ្នាក់ជាតិ និងថ្នាក់តំបន់ ចែករំលែកនូវព័ត៌មាននិងទិន្នន័យឱ្យបានទាន់ពេលវេលាប្រេីប្រាស់យន្តការ អង្គការ UNODC ជាស្ពានដើម្បីតភ្ជាប់ព័ត៌មានគ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងនិន្នាការ និងស្ថានភាពវិវត្តថ្មីៗនៅក្នុងប្រទេសនីមួយៗ។

ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ អរគុណសមាជិកពីបណ្តារដ្ឋជាហត្ថលេខីទាំងអស់ ពិសេសលោក Jeremy Douglas តំណាងអង្គការ UNODC ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ដែលបានចូលរួមជាសហប្រធានដឹកនាំកិច្ចប្រជុំដ៏មានសារៈសំខាន់ដោយយកអស់កម្លាំងកាយ ប្រាជ្ញា ស្មារតី ធ្វើការពិនិត្យពិភាក្សាយ៉ាងផុលផុស និងចំហរក្នុងន័យស្ថាបនា ប្រកបដោយការទទួលខុសត្រូវខ្ពស់ រហូតសម្រេចជោគជ័យ និងទទួលបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបញ្ជាក់ជូនថា ការឆ្លើយតបទៅនឹងបញ្ហាគ្រឿងញៀនពិតជាមិនមានប្រសិទ្ធភាព និងនិរន្តរភាពឡើយ ប្រសិនបើយើងគ្មានឆន្ទៈមោះមុត និងគ្មានកិច្ចសហប្រតិបត្តិការល្អរវាងគ្រប់ស្ថាប័នពាក់ព័ន្ធទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិទេនោះ។

ផ្អែកលើស្ថានភាពជាក់ស្តែង និងនិន្នាការនៃការផលិត ចរាចរ និងប្រើប្រាស់គ្រឿងញៀន នៅក្នុងបណ្តាប្រទេសជាសមាជិក ក៏ដូចជាក្នុងបណ្តាប្រទេសដទៃទៀតទាំងក្នុង និងក្រៅតំបន់ ហើយយន្តការ MOU របស់យើងនៅតែជាយន្តការដ៏មានសារៈសំខាន់ និងចាំបាច់បំផុត ពិសេសផែនការសកម្មភាពអនុតំបន់ដែលយើងទើបបានពិភាក្សានិងឯកភាពគ្នាមុននេះបន្តិច ពិតជានឹងឆ្លើយតបប្រកបដោយប្រសិទ្ធភាពក្នុងការបង្ការ និងទប់ស្កាត់រាល់បទល្មើសដែលពាក់ព័ន្ធនឹងគ្រឿងញៀន ទាំងក្នុងក្របខណ្ឌជាតិ ក្របខណ្ឌអនុតំបន់ តំបន់ និងអន្តរជាតិ។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានលើកទឹកចិត្តដល់បណ្តាប្រទេសជាសមាជិកទាំងអស់ បន្តចូលរួមអនុវត្តឱ្យបានសកម្មថែមទៀតនូវរាល់ខ្លឹមសារដែលបានឯកភាពគ្នា ហើយជំហរកម្ពុជាគឺមោះមុតក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិសេសចូលរួមចំណែកយ៉ាងសកម្ម និងតាមគ្រប់លទ្ធភាព ក្នុងការលើកស្ទួយយន្តការ MOU រួមគ្នាបង្ការ ទប់ស្កាត់ និងបង្រ្កាបរាល់ការប៉ុនប៉ងលួចលាក់ផលិត ចរាចរ និងប្រើប្រាស់ ដោយខុសច្បាប់នូវគ្រឿងញៀន និងសារធាតុគីមីផ្សំគ្រប់ប្រភេទ។

ទន្ទឹមនឹងនេះ នាយឧត្តមសេនីយ៍ ក៏បានស្នើសុំអង្គការ UNODC បន្តកៀរគរជំនួយ និងជួយគាំទ្រដល់ដំណើរការអនុវត្តផែនការសកម្មភាពអនុតំបន់របស់យើង ឱ្យទទួលបានលទ្ធផលល្អប្រសើរតាមទិសដៅដែលបានកំណត់៕