(ភ្នំពេញ)៖ ប្រទេសកម្ពុជា បានរកឃើញករណីឆ្លងមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី ប្រភេទ Delta ចំនួន ៣៧៣១នាក់ហើយ គិតរហូតដល់ពេលនេះ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ដែល ។
ករណីឆ្លងមេរោគកូវីដ១៩ បំប្លែងថ្មី ប្រភេទ «ឌែលតា» ត្រូវបានរកឃើញនៅរាជធានីខេត្តចំនួន២៤ នៅទូទាំងប្រទេស លើកលែងតែខេត្តកែបមួយប៉ុណ្ណោះ ដោយក្នុងនោះរាជធានីភ្នំពេញមានចំនួន ច្រើនជាងគេរហូតដល់១២៥៦ករណី។ ក្រៅពីនោះមានខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ សៀម រាប បាត់ដំបង ព្រះវិហារ ខេត្តកណ្តាល ត្បូងឃ្មុំ និងខេត្តស្ទឹងត្រែងជាដើម ដែលមានអត្រាឆ្លងខ្ពស់។
ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមក្រើនរំលឹកជាថ្មី និងអំពាវនាវ ដោយទទូចដល់សាធារណជនឱ្យបន្តប្រុងប្រយ័ត្នខ្ពស់ការពារខ្លួន កុំភ្លេចខ្លួនឱ្យសោះ ដោយត្រូវចេះ ផ្លាស់ប្ដូរទម្លាប់រស់នៅរបស់ខ្លួនឱ្យស្របតាមពាក្យស្លោកដែលថា «រៀនរស់នៅធម្មតាជាមួយវីរុសកូវីដ-១៩ តាមបែបគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទប្រយុទ្ធនឹង ជំងឺកូវីដ-១៩»។ ការធ្វើបែបនេះសំដៅបង្ការ គ្រប់គ្រង និងកាត់ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវីដ-១៩ ជាពិសេសពពួកប្រភេទបំប្លែងថ្មីនេះ ឬក៏ ប្រភេទ ថ្មីផ្សេងទៀត ដែលអាចកើតមានក្នុងព្រះរាជាណាចក្រកម្ពុជាយើង ជាយថាហេតុណាមួយ។
លោកអំពានាវឱ្យប្រជាពលរដ្ឋ និងកូនក្មួយទាំងអស់ ដែលមានអាយុចាប់ពី ១២ឆ្នាំឡើង នៅពេល ដែលដល់វេន សូមចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ឱ្យបានគ្រប់ៗគ្នា។
ក្រសួងសុខាភិបាល បានកត់សម្គាល់ផងដែរថា ការចម្លងមេរោគនាបច្ចុប្បន្ននេះ មានសន្ទុះកើនឡើង លើយុវវ័យ ដែលក្រុមនេះបានដើរចេញក្រៅផ្ទះច្រើន ឬមានការជួបជុំមិត្តភ័ក្ដិ។ ក្រសួងអំពាវនាវដល់យុវវ័យគ្រប់រូបបង្កើនការប្រុងប្រយ័ត្ន និងទប់ស្កាត់ការចម្លងមេរោគកូវីដ១៩៕