អ្នកនាំពាក្យក្រសួងព័ត៌មានចាត់ទុកថា សេចក្តីថ្លែងការណ៍ខេមបូចា មានចេតនាបំភាន់មតិសាធារណៈ ដោយចោទប្រកាន់គ្មានមូលដ្ឋានច្បាស់លាស់ លើអាជ្ញាធរមានសមត្ថកិច្ចដែលអនុវត្តតួនាទីភារកិច្ច តាមច្បាប់

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ តាមរយៈបណ្តាញព័ត៌មាន ក្នុងស្រុក មួយ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានចាត់ទុកថា សេចក្តីថ្លែងការណ៍របស់ សម្ព័ន្ធអ្នក សារព័ត៌មានកម្ពុជា ខេមបូចា (CamboJA) មានចេតនាបំភាន់មតិសាធារណៈ ដោយបានចោទ ប្រកាន់ដោយមិនមានមូលដ្ឋានច្បាស់លាស់និងជាក់លាក់មកលើអាជ្ញាធរមានសមត្ថកិច្ចដែលអនុវត្តតួនាទីភារកិច្ចតាមច្បាប់ថា ជាការរារាំង គំរាមកំហែង រំលោភសិទ្ធិ អ្នកសារព័ត៌មាន ក្នុងការចុះទៅ យកព័ត៌មាន។

ប្រតិកម្មអ្នកនាំពាក្យក្រសួងព័ត៌មាន បានធ្វើឡើងបន្ទាប់ពីសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ខេមបូចា (CamboJA) បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ ដោយបង្ហាញ ការសោកស្តាយ និងទាមទារឲ្យស្ថាប័នអនុវត្តច្បាប់មានវិធានការច្បាស់លាស់ចំពោះមន្ត្រី ដែលធ្វើ ទុក្ខបុកម្នេញ និងរារាំងការងាររបស់ អ្នកសារព័ត៌មាន ពេលចុះបំពេញការងារយកព័ត៌មានករណី ជម្លោះដីធ្លីនៅព្រលានយន្តហោះថ្មី ក្នុងខេត្តកណ្តាល។ ខេមបូចា បានចាត់ទុកថា ករណីនេះជារារាំង គំរាមកំហែង រំលោភសិទ្ធិសេរីភាព អ្នកសារព័ត៌មាន ពេលចុះទៅយកព័ត៌មាន។

ជុំវិញករណីនេះអ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ចំនួន៥ចំណុច ដូចតទៅ៖

១៖ សេចក្តីថ្លែងការណ៍ទាំងនោះ មានចេតនាបំភាន់មតិសាធារណៈ ដោយបានចោទប្រកាន់ដោយ មិនមានមូលដ្ឋានច្បាស់លាស់និងជាក់លាក់មកលើអាជ្ញាធរមានសមត្ថកិច្ចដែលអនុវត្តតួនាទីភារកិច្ចតាមច្បាប់ ថាជាការ រារាំង គំរាមកំហែង រំលោភសិទ្ធិ អ្នកសារព័ត៌មាន ក្នុងការចុះទៅយកព័ត៌មាន។

២៖ នៅពេលអាជ្ញាធរមានសមត្ថកិច្ចកំពុងចុះបំពេញបេសកកម្មឬចុះប្រតិបត្តិការនៅទីតាំងឬទីកន្លែងណាមួយ សមត្ថកិច្ចមានសិទ្ធិមិនអនុញ្ញាតិឲ្យអ្នកដែលគ្មានសមត្ថកិច្ចពាក់ព័ន្ធ រួមទាំងអ្នកសារ ព័ត៌មាន ចូលទៅទីតាំង ឬទីកន្លែងដែលសមត្ថកិច្ចកំពុងចុះបេសកកម្មឬប្រតិបត្តិការនោះ ព្រោះវា អាចប៉ះពាល់ ឬបង្កការរំខានជាឧបសគ្គរារាំង ឬអាចបង្កគ្រោះថ្នាក់ដល់អាជ្ញាធរ មានសមត្ថកិច្ច ដែលកំពុងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនក្នុងបេសកកម្មឬប្រតិបត្តិការនោះ។

៣៖ អ្នកសារព័ត៌មានមានសិទ្ធិ ក្នុងការទទួលបាននូវព័ត៌មានពីគ្រប់ប្រភព ដែលពាក់ព័ន្ធទៅនឹងហេតុ ការណ៍ ឬ ព្រឹត្តិការណ៍ ឬប្រតិបត្តិការ អ្វីមួយ ហើយត្រូវធ្វើការផ្សព្វផ្សាយនូវព័ត៌មានពិតប្រាកដ និង គ្រប់ជ្រុងជ្រោយទៅតាមប្រភពដែលខ្លួនទទួលបាន ប៉ុន្តែប្រសិនបើអ្នកសារព័ត៌មាន មិនបានស្វែងរក ប្រភពពីគ្រប់ភាគី ពាក់ព័ន្ធនឹងហេតុការណ៍ ឬ ព្រឹត្តិការណ៍ ឬ ប្រតិបត្តិការណាមួយនោះទេ នោះអ្នក សារព័ត៌មានទៅវិញទេ ដែលរំលោភសិទ្ធិអ្នកដទៃនោះ។

៤៖ បុគ្គលណា ឬភាគីណា ដែលយល់ថា ខ្លួនត្រូវបានបុគ្គលណា ឬភាគីណា រំលោភបំពានសិទ្ធិ សេរីភាព ឬគំរាមកំហែងខ្លួន មានសិទ្ធិ ដាក់ពាក្យបណ្តឹង ទៅតុលាការតាមនីតិវីធីច្បាប់ដើម្បីស្វែងរក ឬទាមទារនូវភាពត្រឹមត្រូវ ឬយុត្តិធ៌មសម្រាប់ខ្លួនបាន ពុំមែនស្វែងរកភាពត្រឹមត្រូវ ឬយុត្តិធ៌មតាម ខ្យល់ ឬតាមចញ្ចើមថ្នល់ឡើយ។

៥៖ រាល់ការចេញនូវ សេចក្តីថ្លែងការណ៍ ថ្កោលទោសឬចោទប្រកាន់ទៅលើបុគ្គលណា ឬភាគីណា មួយ គួរគប្បីពិនិត្យ និងស្រាវជ្រាវឲ្យបានច្បាស់លាស់ និងជាក់លាក់បំផុតចៀសវាង នៅពេលដែល បុគ្គល ឬ ភាគីដែលទទួលរងការចោទប្រកាន់នោះប្រើប្រាស់សិទ្ធិស្របច្បាប់ ដើម្បីការពារភាព ត្រឹមត្រូវ ឬ ការពារភាពយុត្តិធម៌របស់គេ បែរទៅជាចោទប្រកាន់គេថា ប្រើប្រាស់ ផ្លូវច្បាប់ដើម្បី បំភិតបំភ័យ គំរាមកំហែង ឬធ្វើទុក្ខបុកម្និញខ្លួនទៅវិញ៕