នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជាបានអះអាងថា កាលពីខែ សីហា ឆ្នាំ ២០២១ កន្លងទៅនេះ កម្ពុជាបាន ទទួលគម្រោងវិនិយោគលើការកែច្នៃផលិតកម្មកសិកម្ម និង គម្រោងកសិដ្ឋានសរុបពីរគម្រោង ។
ប្រភពដដែលបានបន្តថា គម្រោងទាំងពីរនេះមានទឹកប្រាក់សរុប ជាង ២២ លានដុល្លារ ដោយបង្កើតការងារធ្វើសរុបចំនួន ជាង ២០០ នាក់ ដោយមានទីតាំងនៅតាកែវ និង នៅ កំពង់ស្ពឺ ។
គម្រោងទីមួយ គឺកសិដ្ឋាន សោម៉ា លើគម្រោងបង្កើតកសិដ្ឋានចិញ្ចឹមសត្វ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិខ្នារ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ១១,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩២នាក់។
គម្រោងទីពីរ គឺ ក្រុមហ៊ុន កម្ពុជា ស៊ីង ខេន ស៊ី ភីង ( CAMBODIAN XING CAN SHI PIN CO., LTD.) លើគម្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើ ដូចជាដំណាប់ស្វាយ, ម្នាស់, មៀន, ខ្នុរ និងស្វាយចន្ទី) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ១១,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៥៤នាក់៕