ទ្វីបអាហ្វ្រិកទាំងមូលមានអ្នកស្លាប់ដោយសារកូវីដ-១៩ សរុបកើនដល់ ២០០,០០០នាក់ហើយ

(អាហ្វ្រិក)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅព្រឹកថ្ងៃពុធ ទី០៨ ខែកញ្ញា ឆ្នាំ២០២១ បានអោយដឹងថាមនុស្សសរុបជាង ២០០,០០០នាក់បានស្លាប់ដោយសារជំងឺ COVID-19 នៅទូទាំងទ្វី បអាហ្វ្រិកដែលមានប្រទេសសរុបចំនួន ៥៤ គិតចាប់តាំងពីការផ្ទុះឡើង នៃជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ។

ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 សរុប ២០០,២៥៤នាក់ ត្រូវបានកត់ត្រានៅទ្វីបអាហ្វ្រិកដែលមានប្រជាជនសរុបជាង ១.៣ពាន់លាននាក់ គិតចាប់តាំងពីជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ បានផ្ទុះឡើងនៅក្នុងប្រទេសចិន កាលពីខែធ្នូ ឆ្នាំ២០១៩កន្លងទៅនេះ។

តួលេខនេះត្រូវបូកសរុប ដោយផ្អែកលើចំនួនអ្នកស្លាប់ប្រចាំថ្ងៃ ដែល ចេញផ្សាយដោយអាជ្ញាធរសុខាភិបាល នៅក្នុងប្រទេសនីមួយៗ ឬដោយអង្គការសុខភាពពិភព លោក (WHO) របស់អង្គការសហប្រជាជាតិ (UN) និងបណ្តាប្រទេសនៅទ្វីបអាហ្វ្រិកខាង ជើង ផងដែរ។

អង្គការសុខភាពពិភពលោកបានប្រកាសថា ប្រសិនបើការស្លាប់ដោយផ្ទាល់ ឬដោយប្រយោល ទាក់ទងនឹងជំងឺ COVID-19 ត្រូវបានគេគិតគូរចូលទៅក្នុងតួលេខនោះ ចំនួនពិតប្រាកដអាចកើន ឡើងទ្វេដង ឬបីដងឯណោះ។ រីឯចំនួនអ្នកឆ្លងសរុប ក៏ទំនងជាស្ថិតក្រោមការប៉ាន់ស្មានផងដែរ ដោយសារតែសមត្ថភាពធ្វើតេស្តនៅទ្វីបអាហ្វ្រិក មានមិនគ្រប់គ្រាន់ទេ។

អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យបច្ចេកវិទ្យា ខេប ភែនីនស៊ូឡា (Cape Peninsula) នៃតំបន់ អាហ្វ្រិកខាងត្បូង លោកស្រី គ្លែនដា ដេវីដសុន (Glenda Davidson) បាននិយាយថា «តួលេខ (អ្នកឆ្លង COVID-19) ប្រហែលជាអាចខ្ពស់ជាងនេះទៅទៀត ដោយសារតែធនធានធ្វើតេស្ត មាន កម្រិតទាបបំផុតនៅទ្វីបនេះ»។

បើតាមសារព័ត៌មាន AFP ទ្វីបអាហ្វ្រិកបាននិងកំពុងមើលឃើញ អត្រាអ្នកបានទទួលការចាក់ វ៉ាក់សាំង ក្នុងកម្រិតទាបបំផុត ព្រោះរហូតមកទល់នឹងបច្ចុប្បន្ន បើគិតជាអត្រា វ៉ាក់សាំងតែចំនួន «៨ដូស» ប៉ុណ្ណោះត្រូវបានផ្ដល់ការចាក់ជូន ក្នុងចំណោមប្រជាជន «១០០នាក់» បើប្រៀបធៀបទៅ នឹង «១០២ដូស» នៅទ្វីបអឺរ៉ុប និង «១១៦ដូស» នៅសហរដ្ឋអាមេរិក និងកាណាដា ក្នុងចំណោម ១០០នាក់ដូចគ្នា៕