(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ តាមរយៈបណ្តាញព័ត៌មាន ក្នុងស្រុកមួយ នៅថ្ងៃ ទី០៨ ខែកញ្ញា ឆ្នាំ២០២១នេះ បាន ច្រានចោលទាំងស្រុងចំពោះការចុះផ្សាយព័ត៌មានខុសពីការពិតទាំងស្រុងរបស់សារព័ត៌មាន VOD ថា សមត្ថកិច្ចគំរាមចាប់ខ្លួនអ្នកការពារបរិស្ថាន នៅសង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ ពីព្រោះមូល ហេតុពួកគេរំខានប្រតិបត្តិការសមត្ថកិច្ចបង្ក្រាបក្រុមចោរឆក់។
អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការចោទប្រកាន់ ខុសពីការពិតមកលេីសមត្ថកិច្ច តាមពិតជាក់ស្តែងនៅព្រឹកថ្ងៃអង្គារ ទី០៧ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការ ជាមួយអជ្ញារមូលដ្ឋានសង្កាត់បឹងទំពន់១ បានចុះធ្វើរដ្ឋបាលត្រួតពិនិត្យនៅតាមបន្ទប់ជួលនៅសង្កាត់ បឹងទំពន់១ដោយសារមានជនសង្ស័យលើបទល្មើសឆក់រត់ចូលក្នុងទីតាំងដូចបានបញ្ជាក់ខាងលើពេលកំពុងអនុវត្តការងារក៏មានយុវជន២នាក់ចេញមកថតសកម្មភាពអនុវត្តការងាររបស់សមត្ថកិច្ច ដោយ ពុំមានការអនុញ្ញាត ដោយឃើញដូច្នេះសមត្ថកិច្ចជំនាញក៏បានធ្វើការណែនាំអប់រំ និងឱ្យលប់រូបនេះ ចេញវិញ ដោយមិនបានធ្វើការឃាត់ខ្លួន ឬដាក់ទោសអ្វីឡើយ»។
លោកវរសេនីយ៍ឯក សាន សុខសីហា បានបញ្ជាក់បន្ថែមទៀត៖ «សេចក្តីបកស្រាយ បំភ្លឺ និង បដិសេធរបស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាធានីភ្នំពេញ ទាក់ទងទៅនឹងសារព័ត៌មាន VOD ដែលបានចុះផ្សាយព័ត៌មានខុសពីការពិតទាំងស្រុង ថាមានករណីគំរាមចាប់ខ្លួនអ្នកការពារបរិស្ថាន នៅសង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ»។
ក្នុងនាមសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការអំពាវនាវដល់គ្រប់សារព័ត៌ មានជាតិ អន្តរជាតិ និងសាធារៈណជនទាំងអស់មុននឹងធ្វើការផ្សព្វផ្សាយព័ត៌មានសូមធ្វើការស្រាវ ជ្រាវឱ្យបានគ្រប់ជ្រុងជ្រោយដោយកុំធ្វើការសន្និដ្ឋានដោយអត្តនោម័តដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់កងកម្លាំងនគរបាលជាតិនិងធ្វើឱ្យមានការវាយតម្លៃអវិជ្ជមានចំពោះកិច្ចប្រតិបត្តិការរបស់សមត្ថកិច្ច ដែលអំពើនេះគួរតែត្រូវបានបញ្ឈប់ជាបន្ទាន់។
ជាមួយគ្នានេះដែរ លោកវរសេនីយ៍ឯក សាន សុខសីហា ក៏បានអំពាវនាវឱ្យចូលរួមសហការលុប បំបាត់ព័ត៌មានមិនពិតផងដែរ៕