ភ្នំពេញ៖ ដោយមានការណែនាំពី ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ ក្រុមការងារ នៃមន្ទីរធនធានទឹក និងឧតុនិយម រាជធានីភ្នំពេញ បាននិងកំពុងធ្វើ សកម្មភាព កាយស្ដារភក់ កាយសំរាម និងមែកឈើ ចេញពីប្រឡាយមេ មួយកន្លែង ប្រវែងជាង ២ គីឡូម៉ែត្រ នៅប្រឡាយមេ ភាគខាងជើង រាជធានីភ្នំពេញ នៅតាមបណ្តោយផ្លូវ ៣០ ម៉ែត្រ ក្នុងភូមិសាស្ត្រខណ្ឌ សែនសុខ និងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដើម្បីបើកផ្លូវទឹក ឱ្យហូរបានលឿន ទៅកាន់ស្ថានីយ បូមទឹកកប់ស្រូវ។
លោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម រាជធានីភ្នំពេញ បានមានប្រសាសន៍ឲ្យដឹង នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១នេះថាៈ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការណែនាំពី ឯកឧត្តម ឃួង ស្រេងជាអភិបាលរាជធានីភ្នំពេញ ក្រុមការងារ នៃមន្ទីរធនធានទឹក និងឧតុនិយម រាជធានីភ្នំពេញ បាននិងកំពុង ស្ដារប្រឡាយមេ នៅអមផ្លូវ ៣០ម៉ែត្រ ដែលមានប្រវែង ២.២៧៩ ម៉ែត្រ ទទឹង ៣០ ម៉ែត្រ ជម្រៅ ៥ ម៉ែត្រ ចាប់ពីបុរីអង្គរ ដល់មុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្ថិតក្នុងភូមិសាស្ត្រ ខណ្ឌសែនសុខ និងខណ្ឌឫស្សីកែវ ។
លោកបានបន្តអោយដឹងទៀតថាៈ ឯកឧត្តមអភិបាលរាជធានី បានឲ្យមន្ទីរធនធានទឹក និងឧតុនិយម សហការជាមួយ អាជ្ញាធរខណ្ឌសែនសុខ និងខណ្ឌឫស្សីកែវ ដើម្បីស្ដារប្រឡាយនេះ ឲ្យទឹកហូរបានលឿន ទៅកាន់ស្ថានីយបូមទឹកកប់ស្រូវ ។ ការងារនេះបានអនុវត្ត តាំងពីចុងខែសីហា ឆ្នាំ ២០២១ ដោយយើងស្ដារ សំរាម មែកឈើ ភក់ចេញពីបាត ប្រឡាយ ។
លោកម៉ៅ ប៊ុនធឿន បានបញ្ជាក់ទៀតថាៈ ប្រឡាយនេះ មានតួនាទីយ៉ាងសំខាន់ ក្នុងការរំដោះទឹកចេញពី ខណ្ឌ ទួលគោក ខណ្ឌសែនសុខ និងខណ្ឌឬស្សីកែវ ។
ក្រុមការងារ នៃមន្ទីរធនធានទឹក និងឧតុនិយម គឺត្រូវស្តារប្រឡាយមេ មួយនេះ ជាប្រចាំ បើទោះបីមានការលំបាក មួយចំនួន ជុំវិញមែកឈើច្រើន យ៉ាងណាក៏ដោយ ដើម្បីធ្វើយ៉ាងណា បើកផ្លូវទឹកហូរ ឲ្យបានលឿន ទៅកាន់ស្ថានីយកប់ស្រូវ កាត់ បន្ថយបាន នូវការលិចលង់លំនៅដ្ឋាន ប្រជាពលរដ្ឋ នៅក្នុងខណ្ឌទាំង បី ខាងលើនេះ៕