សាលារៀនចំនួន៦ បានជាប់ជ័យលាភីសាលាមេត្រីបរិស្ថាន នៅកម្ពុជា ឆ្នាំ២០២១

(ភ្នំពេញ)៖ សាលាបឋមសិក្សាចំនួន៣ និងមធ្យមសិក្សាចំនួន៣ បានទទួលជ័យលាភីសាលាមេត្រី បរិស្ថាន ឆ្នាំ២០២១។

សាលាជ័យលាភីទាំង៦ នោះរួមមានសម្រាប់កម្រិតបឋមសិក្សាទី១៖ សាលាបឋមសិក្សា វត្តចែង ខេត្តបាត់ដំបង ជយលាភីកម្រិតមាស, ទី២៖ សាលាបឋមសិក្សា ក្រវ៉ាន់ ខេត្តសៀមរាប ជយលាភី កម្រិតប្រាក់, ទី៣៖ សាលាបឋមសិក្សា ឈើខ្លឹម ខេត្តត្បូងឃ្មុំ, ជយលាភីកម្រិតសំរឹទ្ធ និងសម្រាប់ កម្រិតមធ្យមសិក្សា, ទី១៖ វិទ្យាល័យ ហ៊ុន សែន មិត្តភាព ខេត្តព្រះសីហនុ ទទួលបានជយលាភី កម្រិតមាស, ទី២៖ វិទ្យាល័យ ហ៊ុន សែន សម្ភៈបុរៈ ខេត្តក្រចេះ ទទួលបានជយលាភីកម្រិតប្រាក់, ទី៣៖ វិទ្យាល័យ ចំណេះទូទៅនិងបច្ចេកទេស ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ខេត្តកំពង់ឆ្នាំង ទទួលបានជ័យលាភីកម្រិតសំរិទ្ធ។ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួង បរិស្ថាន នៅថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០២១នេះ នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ពាន រង្វាន់ និងវិញ្ញាប័នបត្រព្រមទាំងថវិកាមួយចំនួន ដល់ជយលាភីមេដាយមាសរបស់សាលាបឋមសិក្ស វត្តចែង ខេត្តបាត់ដំបង និង ជ័យលាភីមេ ដាយសំរិទ្ធ របស់វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ខេត្តកំពង់ឆ្នាំង។

រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងបរិស្ថានសូមវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹង ប្រែងរបស់ក្រុមការងារសម្របសម្រួល កិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា ក្នុងក្របខ័ណ្ឌការងារអប់រំ ការងារបណ្តុះបណ្តាល ការសិក្សាស្រាវជ្រាវ និងការងារ ផ្តល់សេវាពិគ្រោះយោបល់លើវិស័យបរិស្ថាន ជាពិសេសគណៈកម្មការវាយតម្លៃសាលាមេត្រីបរិស្ថាន ដែលបានផ្តល់កិច្ចសហ ការយ៉ាងល្អប្រសើរ និងទទួលបានលទ្ធផលជាផ្លែផ្កា គួរឱ្យកត់សម្គាល់ក្នុង ការរៀបចំការប្រឡងប្រណាំង សាលាមេត្រីភាពបរិស្ថានចំនួន៣លើកមកនេះ។

ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្ត្រា ក្នុងនាមក្រសួងបរិស្ថាន ក៏សម្តែងនូវការកោតសរសើរខ្ពស់ ចំពោះសាលាបឋមសិក្សា និងមធ្យមសិក្សាសរុបចំនួន៤៨ ដែលបានចូលរួម ក្នុងចលនាប្រឡង ប្រណាំងមេត្រីភាពបរិស្ថាន នៅឆ្នាំ២០២១នេះ ដែលជាការប្រកួតប្រជែងសាលាមេតីបរិស្ថាន រៀងរាល់២ឆ្នាំម្តង លើកទី៣។

មន្ត្រីជាន់ខ្ពស់រូបនេះ បានគូសបញ្ជាក់ថា ការប្រឡងប្រណាំងសាលាមេត្រីបរិស្ថាន គឺជាគំនិតផ្តួច ផ្តើមដ៏សំខាន់ និងជាយន្តការមួយដ៏មានសារៈសំខាន់ក្នុងចំណោមយន្តការ និងវិធានការជាច្រើន ទៀត ដែលក្រសួងបរិស្ថាន និងភាគីពាក់ព័ន្ធទាំងអស់បានខិតខំជំរុញ អនុវត្តជាបន្តបន្ទាប់សំដៅ ធ្វើឱ្យប្រសើរឡើងនូវកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់ នៅដោយចីរភាព តាមរយៈការបញ្រ្ជាបចំណេះដឹង និងចំណេះធ្វើក្នុងចំណោមកុមារសិស្សានុសិស្ស និងយុវជន នៅតាមសាលារៀន និងគ្រឹះស្ថានអប់រំ ដែលជាកន្លែងប្រមូលផ្តុំមានលក្ខណៈងាយ ស្រួលក្នុងការផ្លាស់ប្តូទម្លាប់ ផ្នត់គំនិត និងឥរិយាបទរបស់កុមារ និងយុវជនចំពោះអនាម័យ និង បរិស្ថាន។

បើតាមលោក ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានឱ្យដឹង ថា ការរៀបចំផ្តល់តម្លៃសាលាមេត្រីបរិស្ថាន បានជំរុញ និងលើកទឹកចិត្តដល់សាលារៀនទាំងអស់ បន្តវប្បធម៌ស្រឡាញ់ និងចូលរួមក្នុងសកម្មភាពមេត្រីបរិស្ថានកាន់តែប្រសើរឡើងថែមទៀត។ ដូចនេះ សាលារៀនចាំបាច់ត្រូវសហការជិតស្និតជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ អ្នកពាក់ព័ន្ធ ដទៃទៀតក្នុងសហគមន៍ អាណាព្យាបាលសិស្ស ដើម្បីធានាឱ្យបាននូវការអប់រំបរិស្ថាន ដើម្បីមូល ដ្ឋានស្អាត សុខភាពល្អ និងមានការអភិវឌ្ឍរុងរឿង៕