ហាណូយ៖ វៀតណាមកាលពីថ្ងៃចន្ទបានដាក់គុកបុរសម្នាក់រយៈពេល៥ឆ្នាំចំពោះការរំលោភវិធានចត្តាឡីស័កប្រឆាំងកូវីដ១៩ និងបានចម្លងវីរុសកូរ៉ូណាទៅកាន់អ្នកដទៃ។
ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA)បានរាយការណ៍ថា នៅក្នុងសវនាការរយៈពេល១ថ្ងៃនៅតុលាការប្រជាជនខេត្តកាម៉ាវភាគខាងត្បូង បុរសឈ្មោះ ឡឺ វ៉ាន់ ទ្រី អាយុ២៨ឆ្នាំ ត្រូវបានដាក់ទោសចំពោះ”ការចម្លងជំងឺឆ្លងដ៏គ្រោះថ្នាក់”។
វៀតណាមជាប្រទេសទទួលបានការសរសើរមួយនៅក្នុងលោកចំពោះការគ្រប់គ្រងជំងឺកូវីដ១៩បានល្អគ្រាន់បើនៅដំណាក់កាលដំបូងៗ តែការផ្ទុះកូវីដ១៩ក្នុងសហគមន៍ចាប់ពីចុងខែមេសាមកបាននាំអោយមមានការបិទខ្ទប់ពាក់កណ្តាលប្រទេសនិងទីក្រុងធំៗទាំងអស់។ប្រទេសនេះកំពុងប្រឈមដោះស្រាយការផ្ទុះជំងឺឆ្លងនេះដ៏អាក្រក់បំផុតដោយមានអ្នកឆ្លងជាង៥៣៦.០០០នាក់ និង១៣.៣៨៥នាក់បានស្លាប់ ភាគច្រើនបំផុតនៅក្នុងរលកបច្ចុប្បន្ននៅ៤ខែមកនេះ។
សារព័ត៌មានក្នុងស្រុកបានអោយដឹងថា « ទ្រី បានធ្វើដំណើរពីក្រុងហូជីមិញ វិលមកកាន់ខេត្តកំណើតកាម៉ាវ ដោយបានរំលោភវិធានចត្តាឡីស័ក២១ថ្ងៃ។គាត់បានចម្លងទៅមនុស្ស៨នាក់ ដោយម្នាក់បានស្លាប់ដោយកូវីដ១៩ក្រោយព្យាបាលអស់១ខែ»។
កន្លងមកប្រទេសនេះបានដាក់ទោសអ្នករំលោភច្បាប់កូវីដ១៩ចំនួន២នាក់ហើយដោយម្នាក់ព្យួរទោស១៨ខែ និងម្នាក់ទៀតព្យួរទោស២ឆ្នាំ ចំពោះបទល្មើសដូចគ្នា។
ជុំវិញកូវីដ១៩នៅវៀតណាមនេះដែរ អាជ្ញាធរក្រុងហាណូយ នឹងធ្វើតេស្តិ៍រកកូវីដ១៩លើប្រជាជនមួយទីក្រុងនៅសប្តាហ៍ដើម្បីសំរេចគោលដៅគ្រប់គ្រងការផ្ទុះជំងឺកូវីដ១៩អោយបានត្រឹមពាក់កណ្តាលខែកញ្ញា៕