វៀតណាមបានកំណត់ថ្ងៃទី១៥កញ្ញា ជាថ្ងៃចុងក្រោយសំរាប់ចាក់វ៉ាក់សាំងមនុស្សពេញវ័យនៅទីក្រុងហូជីមិញនិងហាណូយអោយអស់

ហាណូយ៖ ទីក្រុងហូជីមិញ ដែលជាមជ្ឈមណ្ឌលផ្ទុះកូវីដ១៩បច្ចុប្បន្ន និងទីក្រុងហាណូយ ត្រូវតែចាក់វ៉ាក់សាំងអោយដល់មនុស្សពេញវ័យនៅក្នុងទីក្រុងទាំងអស់យ៉ាងហោចណាស់ក៏ម្នាក់មួយដូសដែរនៅត្រឹមថ្ងៃ១៥កញ្ញា នេះបើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលវៀតណាមកាលពីថ្ងៃអាទិត្យ។

សូមបញ្ជាក់ថា វៀតណាមជាប្រទេសមួយដែលមានអត្រាចាក់វ៉ាក់់សាំងទាបប្រចាំតំបន់ ដោយមនុស្សត្រឹមតែ៣,៣ភាគរយក្នុងចំណោមប្រជាពលរដ្ឋ៩៨លាននាក់របស់ខ្លួនបានចាក់វ៉ាក់សាំងកូវីដ១៩បានពេញលេញ(២ដូស) និង១៥,៤ភាគរយចាក់បាន១ដូស។

ប្រទេសអាស៊ីអាគ្នេយ៍នេះកំពុងប្រឈមនឹងការផ្ទុះជំងឺកូវីដ១៩កាន់អាក្រក់ឡើងក្រោយការផ្ទុះកូវីដ១៩ក្នុងសហគមន៍នៅរលទី៤ជាងបួនខែមកនេះបានចម្លងមនុស្សជាង៥០០.០០០នាក់និងសម្លាប់មនុស្សជាង១៣.០០០នាក់ ។

ទីក្រុងហូជីមិញតំណាងអោយការឆ្លងពាក់កណ្តាលនិងស្លាប់ដោយកូវីដ១៩ប្រមាណ៨០ភាគរយ។

កាលពីថ្ងៃអាទិត្យម្សិលមិញ វៀតណាមបានរកឃើញអ្នកឆ្លងកូវីដចំនួន១៣.១០១នាក់ទៀត ដែលនាំអោយចំនួនឆ្លងនៅរលកបច្ចុប្បន្នកើនដល់៥២០.០១៤នាក់។អ្នកជំងឺកូវីដ១៩ចំនួន២៨១នាក់ទៀតក៏បានស្លាប់ ក្នុងនេះ២២២នាក់នៅក្រុងហូជីមិញ។

ក្រសួងបាននិយាយថា «ទីក្រុងធំៗត្រូវតែកេណ្ឌកម្លាំងទាំងអស់រួមទាំងទីតាំងវេជ្ជសាស្ត្រឯកជន ចាក់វ៉ាក់សាំងដល់មនុស្សពេញវ័យទាំងអស់»និងកំណត់យកថ្ងៃ១៥កញ្ញាសំរាប់ការចាក់វ៉ាក់សាំងដល់មនុស្សពេញវ័យទាំងអស់នៅបណ្តាខេត្តភាគខាងត្បូងរួមមាន ប៊ិញហ្វឿង,ឡុងអាន,ដុងណាយ ដែលសុទ្ធតែជាមជ្ឈមណ្ឌលឧស្សាហកម្មនិងកំពុងរងការវាយប្រហារពីជំងឺឆ្លងនេះធ្ងន់ធ្ងរផងដែរបន្ទាប់ពីក្រុងហូជីមិញ។

វៀតណាមតាំងពីមុនមកបានទទួលវ៉ាក់សាំងកូវីដ១៩ចំនួន ៣៣លានដូស និងត្រៀមទទួល១៧លានដូសទៀតនៅចុងខែនេះ៕