ការប្រកួតជម្រុះវើលខាប់របស់អាហ្សង់ទីននៅប្រទេសប្រេស៊ីលត្រូវបានរំខាន បន្ទាប់ពីលេងទើបតែបាន ៧នាទីកាលពីថ្ងៃអាទិត្យនៅពេលមន្ត្រីសុខាភិបាលក្នុងតំបន់បានសម្រុកចូលទីលានក្នុងជម្លោះដ៏ច្របូកច្របល់ទាក់ទងនឹងការព្រួយបារម្ភអំពីមេរោគកូរ៉ូណា។
ការប្រកួតដែលមានកីឡាករអាហ្សង់ទីន លីអូនែល ម៉េសស៊ី និងនីម៉ារបស់ប្រេស៊ីលត្រូវបានអាជ្ញាកណ្តាលផ្អាក ដោយលទ្ធផលកំពុងស្មើគ្នា ០-០ ។
ក្រុមមន្ត្រីសុខាភិបាលប្រេស៊ីលបានចោទប្រកាន់កីឡាករអាហ្សង់ទីនបួននាក់ថាមិនបានបង្ហើបប្រាប់ពេលមកដល់កាលពីថ្ងៃសុក្រសប្តាហ៍មុនថាពួកគេទើបតែមកពីអង់គ្លេសហើយគួរតែស្ថិតនៅដាច់ដោយឡែកពីគេជាជាងមកលេងក្នុងការប្រកួតនេះ។
ក្រុមអាហ្សង់ទីនបានឆ្លើយតបដោយនាំគ្នាដើរចេញពីទីលាននៅឯកីឡដ្ឋាន NeoQuimica Arena ក្នុងទីក្រុងសៅប៉ូឡូ។
អាហ្សង់ទីនបានសរសេរនៅលើបណ្តាញសង្គម Twitter ថាការប្រកួតនឹងមិនដំណើរការឡើងវិញទេ។ ស្ថាប័នគ្រប់គ្រងបាល់ទាត់អាម៉េរិកខាងត្បូង CONMEBOL បាននិយាយថាការប្រកួតត្រូវបានផ្អាក។ FIFA ដែលជាស្ថាប័នគ្រប់គ្រងបាល់ទាត់លើពិភពលោកបានបញ្ជាក់ផងដែរថាការប្រកួតនេះត្រូវបានផ្អាកហើយនិយាយថាខ្លួនមិនទាន់សម្រេចចិត្តថាត្រូវធ្វើអ្វីបន្តទៀតនោះទេ។
លោក អង់តូនីញ៉ូ បារ៉ា តូរ៉េស ជាប្រធានទីភ្នាក់ងារសុខភាពរបស់ប្រេស៊ីល ហៅកាត់ថា Anvisaបាននិយាយថាកីឡាករអាហ្សង់ទីនបួននាក់នឹងត្រូវពិន័យនិងនិរទេសខ្លួនដោយសារមិនអនុវត្តតាមពិធីការកូវីដ១៩ របស់ប្រេស៊ីល (ធ្វើចត្តាឡីស័ក១០ថ្ងៃចំពោះអ្នកមកពីអង់គ្លេស)។
កីឡាករអាហ្សង់ទីនទាំងបួននាក់គឺលេងឱ្យ Aston Villa ចំនួនពីរនាក់ឈ្មោះ អេមីលីយ៉ាណូ ម៉ាទីណេស និង អេមីលីយ៉ាណូ បូនឌា និងលេងឱ្យ Tottenham ពីរនាក់ទៀតគឺ ជីអូវ៉ានី ឡូ សែលសូ និង គ្រីស្ទាន រ៉ូមេរ៉ូ៕