ក្រុមយុទ្ធជនតាលីបង់បានចូលជ្រៅទៅក្នុងខេត្តរឹងរូសចុងក្រោយ ប៉ានសៀ កាលពីថ្ងៃអាទិត្យទី៥កញ្ញាខណៈឧត្តមសេនីយ៍កំពូលអាម៉េរិកម្នាក់បានព្រមានថា អាហ្វហ្គានីស្ថានប្រឈមមុខនឹងសង្គ្រាមស៊ីវិលរីករាលដាលមួយ ដែលនឹងផ្តល់ទឹកដីសម្រាប់ការកកើតឡើងវិញនៃអំពើភេរវកម្ម។
បន្ទាប់ពីការវាយលុកយ៉ាងលឿនលើកងទ័ពអាហ្វហ្គានីស្ថាននិងការប្រារព្ធពិធីអបអរជ័យជម្នះកាលពីថ្ងៃចន្ទសប្តាហ៍មុន នៅពេលកងទ័ពអាម៉េរិកចុងក្រោយបានចាកចេញបន្ទាប់ពីសង្គ្រាម ២០ ឆ្នាំ ក្រុមតាលីបង់កំពុងស្វះស្វែងកម្ទេចកងកម្លាំងតស៊ូដែលកំពុងការពារជ្រលងភ្នំប៉ានសៀ។
ក្រុមតាលីបង់មិនទាន់បង្កើតរបបថ្មីរបស់ខ្លួនរួចរាល់នៅឡើយទេបន្ទាប់ពីសម្រុកចូលទីក្រុងកាប៊ុលកាលពីបីសប្តាហ៍មុនក្នុងល្បឿនមួយដែលក្រុមអ្នកវិភាគនិយាយថាសូម្បីពួកអ៊ីស្លាមក្បាលរឹងខ្លួនឯងក៏ភ្ញាក់ផ្អើលដែរ។
ប៉ុន្តែឧត្តមសេនីយ៍អាម៉េរិកលោកម៉ាក មីលលី បានចោទសួរថាតើពួកគេអាចពង្រឹងអំណាចបានឬយ៉ាងណា នៅពេលពួកគេព្យាយាមផ្លាស់ប្តូរពីកម្លាំងទ័ពព្រៃទៅជារដ្ឋាភិបាល។
លោកមីលលីជាប្រធានអគ្គសេនាធិការចម្រុះបាននិយាយនៅក្នុងការវាយតម្លៃដ៏អាប់អួរថា “ខ្ញុំគិតថាយ៉ាងហោចណាស់អាចមានលទ្ធភាពផ្ទុះសង្គ្រាមស៊ីវិលរីករាលដាលយ៉ាងទូលំទូលាយ”។
លោកបានប្រាប់ទូរទស្សន៍ Fox Newsកាលពីថ្ងៃសៅរ៍ថា”បន្ទាប់មកវានឹងនាំឱ្យមានស្ថានភាពមួយដែលអាចនឹងនាំឱ្យមានការបង្កើតឡើងវិញនៃក្រុមអាល់កៃដាឬការរីកដុះដាលនៃក្រុមអាយស៊ីស (ក្រុមរដ្ឋអ៊ីស្លាម) ឡើងវិញ”៕