បន្ទាយមានជ័យ៖ លោកគាត ហ៊ុល អភិបាល និងជាប្រធានគណៈបញ្ជាការកងឯកភាពរដ្ឋបាលក្រុងប៉ោយប៉ែតបានអោយដឹងកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ថា៖ ស្ថានភពកម្ពស់ទឹក (ទឹកជំនន់ពីព្រំដែនកម្ពុជា ថៃ និងជំនន់ទឹកភ្លៀង) នៅតែបន្តហក់កើនឡើងគួរឲ្យកត់សម្គាល់ ដោយសារមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងការហូរស្រុងពីប្រទេសជិតខាងមក ។
លោកបានអះអាងទៀតថា លោកបានណែនាំឲ្យកងកម្លាំង អាជ្ញាធរភូមិ សង្កាត់ត្រូវប្រុងជើងការត្រៀមកម្លាំង និងមធ្យោបាយសម្ភារៈសង្គ្រោះ ដើម្បីជម្លៀសប្រជាពលរដ្ឋចេញពីតំបន់ជន់លិចទឹក ក្នុងករណីទឹកជន់លិចលំនៅដ្ឋានពួកគាត់។ ទន្ទឹមនឹងនេះ គណៈបញ្ជាការក៏បានរៀបចំទីទួលសុវត្ថិភាពដែលបានត្រៀមរួចជាស្រេចហើយដែរ ។
សូមបញ្ជាក់ជូនថាស្ថាភពទឹកតាមបណ្តោយអូរព្រំដែនកម្ពុជា ថៃ និងតាមភូមិក្នុងតំបន់ទំនាប (បាតខ្ទះ) មួយចំនួននៅតែបន្តកើនឡើងគួរឲ្យព្រួយបារម្ភ ៕