ចិនចោទប្រកាន់មន្ត្រីប្រឆាំងអំពើពុករលួយជាន់ខ្ពស់ម្នាក់ថាបានទទួលសំណូក៧០លានដុល្លារ

អតីតប្រធានអង្គភាពប្រឆាំងអំពើពុករលួយចិនម្នាក់ត្រូវបានចោទប្រកាន់ពីបទទទួលសំណូក៤៦០លានយ័ន(៧០លានដុល្លារ)។
លោកដុង ហុង អាយុ៦៧ឆ្នាំ ដែលបានកាន់តំណែងអនុប្រធានគណៈកម្មាធិការកណ្តាលសំរាប់ការត្រួតពិនិត្យវិន័យ(CCDI)ដល់ឆ្នាំ២០១៨ ត្រូវបាននាំឡើងតុលាការកាលពីសប្តាហ៍មុននៅតុលាការប្រជាជនខេត្ត គីញដាវ។

ក្រុមរដ្ឋអាជ្ញាចោទប្រកាន់លោកដុងថាទទួលសំណូកសរុប៤៦០លានយ័ននៅរយៈពេលកាន់តំណែងនយោបាយអស់ពេល២ទសវត្សរ៍រួមមាន ការកាន់មុខតំណែងជាប្រធានប្រឆាំងអំពើពុករលួយសំរាប់គណបក្សកុំម្មុយនីស្តផង។

ក្រៅពីមុខតំណែងនៅអង្គភាពប្រឆាំងអំពើពុករលួយ លោកដុងក៏ធ្លាប់ជាជំនួយការផ្ទាល់របស់អនុប្រធានាធិបតី វ៉ាង គីសាន និងមុននោះជាជំនួយការរបស់ព្រឺទ្ធាចារបក្សលោក បូ យីបូ។

ដុងបានសារភាពចំពោះបទល្មើសនិងបានសម្តែងការស្តាយក្រោយ នេះបើតាមការបញ្ចេញអោយដឹងពីតុលាការដែលបានលើកពេលកាត់ទោសលោកទៅពេលក្រោយ។

ទូរទស្សន៍ចិនCCTVបាននិយាយថា មនុស្សជិត២០នាក់បានចូលរួមក្នុងសវនាការជាចំនួនតិចជាងធម្មតា ដោយម្នាក់ៗអនុវត្តគម្លាតសង្គម។មេធាវីម្នាក់ដែលធ្លាប់បានចូលរួមក្នុងសវនាការមុនៗ បាននិយាយថា លោកដុងទំនងជានឹងត្រូវព្យួរទោសប្រហារជីវិត ឬជាប់គុកមួយជីវិត៕