បាងកក៖ក្រសយងសុខាភិបាលថៃនៅព្រឹកថ្ងៃចន្ទនេះបានប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ១៥.៩៧២នាក់នៅ២៤ម៉ោងកន្លងទៅនិងអ្នកជំងឺ២៥៦នាក់ទៀតបានស្លាប់។
នៅ២៤ម៉ោងកន្លងទៅ អ្នកជំងឺកូវីដចំនួន ១៧.២៨១នាក់ក៏បានជាចេញពីមន្ទីរពេទ្យ។
សូមបញ្ជាក់ថាចាប់តាំងពីថ្ងៃ១មេសាមក ថៃជួបការផ្ទុះកូវីដ១៩រលកទី៣ដ៏អាក្រក់ ដោយរហូតដល់ពេលនេះវាបានចម្លងមនុស្ស១.១៦១.២០០នាក់និងសម្លាប់មនុស្សអស់១១.៣០៥នាក់។
ទោះជាយ៉ាងណា សម្ទុះនៃការឆ្លងទំនងជាបានឡើងដល់កំពូលហើយដោយការពីថ្ងៃ១៣សីហាព្រះរាជាណាចក្រនេះបានជួបការឆ្លងប្រចាំថ្ងៃដល់ទៅ២៣.៤១៨នាក់តែចាប់តាំងពីពេលនោះមកវាបានធ្លាក់ចុះជាប់តាំងពី២០.០០០នាក់ដល់ជាង១៨.០០០នាក់ ជាង១៧.០០០នាក់ ជាង១៦.០០០កាលពីម្សិលនិងថ្ងៃនេះជាង១៥.០០០នាក់។
ជុំវិញកូវីដ១៩នេះដែរ អាជ្ញាធរថៃគ្រោងនឹងចាប់ផ្តើមចាក់ដូសជំរុញដល់ជនជាតិថៃប្រមាណ៣លាននាក់ចាប់ពីចុងខែក្រោយទៅដោយប្រើវ៉ាក់សាំងAstraZeneca និង Pfizerសំរាប់អ្នកបានចាក់២ដូសរួចហើយ។
គិតមកត្រឹមថ្ងៃសៅរ៍ ថៃបានចាក់វ៉ាក់សាំងបានជាង៣០,៦៧លានដូសចាប់តាំងពីខែកុម្ភៈមក ក្នុងនេះជាង២២លាននាក់សំរាប់ដូសទី១ ជាង៧លានសំរាប់ដូសទី២ និងជាងកន្លះលានសំរាប់ដូសទី៣។
ក្នុងពេលជាមួយគ្នា អ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយថា រដ្ឋាភិបាលរកបានវ៉ាក់សាំង១៤០លានដូសនៅត្រឹមចុងឆ្នាំ២០២១៕