វ៉ាស៊ីនតោន៖រ៉ុក្កែតយ៉ាងតិច៥គ្រាប់ត្រូវបានបាញ់សំដៅអាកាសយានដ្ឋានអន្តរជាតិក្រុងកាប៊ុល តែត្រូវបានស្ទាក់កំទេចដោយប្រព័ន្ធការពារដែនអាកាសរបស់អាម៉េរិក នេះបើតាមមន្ត្រីអាម៉េរិកម្នាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មានបរទេស។
មន្ត្រីដែលសុំមិនបញ្ចេញឈ្មោះរូបនេះ បាននិយាយថារ៉ុក្កែតដល់ទៅ៥គ្រាប់ត្រូវបានបាញ់សំដៅអាកាសយានដ្ឋាន តែមិនបញ្ជាក់ថាតើកាំជ្រួចអាម៉េរិកបានបាញ់ទម្លាក់បានប៉ុន្មាន។
គេឮសម្លេងផ្ទុះនៅលើក្រុងកាប៊ុលនៅមុនព្រឹកព្រលឹមថ្ងៃចន្ទ ហើយអតីតមន្ត្រីរដ្ឋាភិបាលអាហ្វហ្គានីស្ថានម្នាក់បាននិយាយថា រ៉ុក្កែតត្រូវបានបាញ់ចេញពីរថយន្តនៅក្រុងកាប៊ុលខាងជើង។
ពួកអ្នកស្រុកបានឮសម្លេងប្រព័ន្ធការពារកាំជ្រួចរបស់អាកាសយានដ្ឋានបន្លឺឡើងនិងអំបែងគ្រាប់បានធ្លាក់មកលើផ្លូវ ដែលវាបង្ហាញថា យ៉ាងហោចណាស់រ៉ុក្កែតមួយគ្រាប់ត្រូវបានបាញ់ទម្លាក់។
មន្ត្រីអាម៉េរិកបាននិយាយថា របាយការណ៍ជំហានដំបូងមិនបានបញ្ជាក់អំពីការស្លាប់ឬរងរបួសខាងអាម៉េរិកទេ តែថាព័ត៌មានអាចប្រែប្រួល៕