ចាប់ផ្តើមមានពលករខ្មែរ បន្តលួចឆ្លងដែនចូលប្រទេសថៃ , ឯពលករថៃ លួចឆ្លងមកខ្មែរ

ព្រំដែនកម្ពុជា ថៃ: ទាហានថៃ នៅស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ក្នុងថ្ងៃតែមួយ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ បានចាប់ឃាត់ពលករខ្មែរ ប្រុស-ស្រីចំនួន ១៤ នាក់ លួចឆ្លងដែនចូលប្រទេសថៃ នៃ ២ គោលដៅផ្សេងគ្នា ដោយម្នាក់ៗ ចំណាយលុយ ថ្លៃជូនផ្លូវ អស់ចំនួន ៦.០០០ បាត ។

ទន្ទឹមនឹងនោះដែរ ទាហាន ចាប់ឃាត់ជនជាតិថៃប្រុស-ស្រី ៦ នាក់ បម្រុងលួចឆ្លងដែន ចូលទឹកដីកម្ពុជា ដើម្បីទៅធ្វើការ នៅកាស៊ីណូ ក្រុងប៉ោយ ប៉ែត។

ការឃាត់ខ្លួននេះ បានធ្វើឡើង នៅវេលាម៉ោង ៩និង១០នាទីព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ នេះ នៅបរិវេណភូមិលូកឆាង ឃុំ-ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ។

ក្រោយពីចាប់បាន សមត្ថកិច្ច សួរចម្លើយ ហើយពលករខ្មែរទាំងអស់ បានប្រាប់ថា: ធ្វើដំណើរមកពីខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា និងប្រមូលផ្ដុំគ្នា នៅភូមិមួយ ក្នុងឃុំគោករមៀត ស្រុកថ្មពួក ដោយមានមេខ្យល់ជនជាតិខ្មែរនាំដើរកាត់តាមច្រក របៀង និងដើរកាត់ទៅតាមផ្លូវដីស្រែ និងចម្ការ ដើម្បីមកឡើងរថយន្តនៅបរិវេណ ថ្នល់ភូមិណាងង៉ាម ឃុំតាប្រាយ៉ា ។

តែត្រូវសមត្ថកិច្ចថៃ ចាប់ខ្លួនមុនដោយអ្នក ទាំងអស់ មានបំណងទៅធ្វើការ នៅក្នុងប្រទេសថៃ ក្នុងនោះបានចំណាយលុយ ក្នុងការធ្វើដំណើរក្នុងម្នាក់ ដល់ទៅ ៦.០០០ បាត។

ក្រោយមក សមត្ថកិច្ច បាននាំខ្លួនពលករទាំងអស់ ទៅសួរចម្លើយនិងធ្វើកំណត់ហេតុ ចាប់ខ្លួន អនុវត្តតាមវិធាន របស់ផ្នែកសុខាភិបាល បន្ទាប់មក បានបញ្ជូនឲ្យត្រឡប់ ទៅប្រទេសកម្ពុជាវិញ តាមច្រកអូរបីជាន់ ខេត្តបន្ទាយមាន ជ័យបន្ត។

នៅថ្ងៃដដែលនោះដែរ នៅវេលាម៉ោង ២និង ១៥នាទីរសៀលកម្លាំងទាហានប្រចាំការ ស្រុកតាប្រាយ៉ា សហការជាមួយ កងកម្លាំងបូរផា បានប្រទះឃើញរថយន្តសង្ស័យ ១ គ្រឿង បើកចូលមកក្នុងភូមិសាស្ត្រ ខ្លួនទទួលខុសត្រូវ ទើបសមត្ថកិច្ច ឃាត់ឲ្យឈប់ និងត្រួតពិនិត្យរថយន្តម៉ាកអ៊ីស៊ុយស៊ុយ ពាក់ស្លាកលេខ ก-1195 ស្រះកែវ។

នៅពេលសមត្ថកិច្ចពិនិត្យក្នុងរថយន្ត ឃើញមានជនជាតិថៃ ចំនួន ៦ នាក់ ក្នុងនោះប្រុស ២ និងស្រី ៤នាក់ ។

ពួកគេ បានសាររភាពថា: ពួកគេមានបំណងលួចឆ្លងដែន ចូលទៅប្រទេសកម្ពុជា ដើម្បីទៅធ្វើការនៅកាស៊ីណូ ក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា ។ ការធ្វើដំណើរ លើកនេះ ខាងក្រុមហ៊ុនកាស៊ីណូអនឡាញ ជាអ្នកចំណាយទាំងអស់។

ដោយឡែក អ្នកនាំផ្លូវ បានទទួលថ្លៃឈ្នួល ក្នុងម្នាក់ ៥០០ បាត សរុប ២.៥០០ បាត ក្នុងការនាំជនជាតិថៃ ខាងលើ ទៅឯព្រំដែន ក្នុងបរិវេណថ្នល់ស្រីពេញ ។ តែក្រោយ មក ត្រូវសមត្ថកិច្ច ចាប់ខ្លួនបាន ទើបសមត្ថកិច្ចថៃ បញ្ជូនទៅឲ្យជំនាញ ដើម្បីចាត់ ការបន្ត៕