ប្រធានាធិបតីប៉ាឡេស្ទីន ជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល ក្នុងទីក្រុង Ramallah

(រ៉ាម៉ាល់ឡា)៖ យោងតាមការ ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃចន្ទ ទី៣០ ខែសីហា ឆ្នាំ២០២១គឺ ប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាស់មូត អាបាស់ (Mahmoud Abbas) កាលពី ថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះបានជួបពិភាក្សាការងារ ជាមួយរដ្ឋមន្ត្រីការពារជាតិអ៊ី ស្រាអែល លោក ប៊េននី ហ្កាន់ (Benny Gantz) នៅក្នុងទីក្រុង រ៉ាម៉ាល់ឡា (Ramallah) នៃតំបន់ West Bank។

បើតាមលោក ហូសេន អាល់ សៀក (Hussein al-Sheikh) ជាសមាជិកមួយរូបមក ពីគណៈកម្មាធិការកណ្ដាលនៃគណបក្ស Fatah ដឹកនាំដោយលោក Abbas ជំនួបខាងលើធ្វើឡើង នៅឯទីក្រុងរ៉ាម៉ាល់ឡា ហើយមានគោលដៅពិភាក្សាគ្នាពីអនាគតនៃទំនាក់ទំនងរវាងអ៉ីស្រាអែល និងប៉ាឡេស្ទីន ព្រមទាំងការស្ដារឡើងវិញ នូវការជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ West Bank។

សូមបញ្ជាក់ថា ជំនួបរវាងលោក Mahmoud Abbas និងលោក Benny Gantz គឺជាជំនួបលើក ដំបូងបំផុតរវាងថ្នាក់ដឹកនាំប៉ាឡេស្ទីន និងអ៉ីស្រាអែល ចាប់តាំងពីឆ្នាំ២០១៤មក ជាពេលដែលកិច្ច ចរចាសន្តិភាពរវាងភាគីទាំង២ ត្រូវជាប់គាំងមកទល់នឹងបច្ចុប្បន្ន៕