(ភ្នំពេញ)៖ តាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលទទួលបាន គឺបានបញ្ជាក់អោយ ដឹងថាក្រសួងសុខាភិបាល នឹងអនុញ្ញាតឱ្យសេវាសុខាភិបាលឯកជន ដែលមានច្បាប់អនុញ្ញាតពី ក្រសួងសុខាភិបាល មានសិទ្ធិផ្តល់សេវាថែទាំ ព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាលនៅតាមផ្ទះ ដោយគោរពតាមលក្ខខណ្ឌចាំបាច់របស់ក្រសួង។
លិខិតក្រសួងសុខាភិបាល បានបញ្ជាក់ថា លក្ខខណ្ឌដែលសេវាសុខាភិបាលឯកជនដែល មានច្បាប់ អនុញ្ញាតពីក្រសួងសុខាភិបាល ត្រូវគោរពតាមមានដូចខាងក្រោម៖
១៖ មូលដ្ឋានសុខាភិបាលឯកជនដែលមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល (មន្ទីរពេទ្យ មន្ទីរពហុព្យាបាល និងមន្ទីរ- សម្រាកព្យាបាល)។
២៖ ត្រូវមានគ្រូពេទ្យ និងបុគ្គលិកបានបណ្តុះបណ្តាលត្រឹមត្រូវសម្រាប់ផ្តល់សេវាថែទាំ ព្យាបាលអ្នក ជំងឺកូវីដ-១៩ កម្រិតស្រាលតាមផ្ទះ ពីក្រុមគ្រូបង្គោលថ្នាក់ជាតិនៃក្រសួងសុខាភិបាល។ ក្រុមគ្រូពេទ្យទាំងនេះ ត្រូវបានចាត់ ដោយឡែកពីក្រុមគ្រូពេទ្យព្យាបាលអ្នកជំងឺធម្មតា ហើយក្រុមគ្រូ ពេទ្យទាំងនេះត្រូវធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ បន្ទាប់ពីបានថែទាំ ព្យាបាលអ្នកជំងឺកូវីដ-១៩។
៣៖ ត្រូវត្រៀមទុកជាមុនក្នុងករណីជំងឺវិវត្តន៍ធ្ងន់ធ្ងរ ដោយធានាឱ្យមានប្រព័ន្ធបញ្ជូនជំងឺតាមបទ ដ្ឋានបច្ចេកទេសត្រឹមត្រូវ ពីផ្ទះ ទៅសេវាសុខាភិបាលឯកជនដែលមានច្បាប់អនុញ្ញាតឱ្យផ្តល់សេវា ថែទាំព្យាបាលអ្នកជំងឺកូវដ-១៩ ឬសេវា សាធារណៈ ដែលមានព្យាបាលកូវីដ-១៩។
៤៖ ការផ្ដល់សេវាថែទាំ ព្យាបាលអ្នកជំងឺកូវដ-១៩ កម្រិតស្រាលនៅតាមផ្ទះ ត្រូវតែមានការអនុញ្ញាត ពីអាជ្ញាធរមូលដ្ឋាន ចៅសង្កាត់ ឬមេឃុំ និងមន្ត្រីសុខាភិបាលនៃការិយាល័យសុខាភិបាលស្រុក ប្រតិបត្តិ ដែលអ្នកជំងឺតាំងនៅ។
៥៖ ម្ចាស់សេវាសុខាភិបាលឯកជនត្រូវដាក់លិខិតស្នើសុំអនុញ្ញាតមកក្រសួងសុខាភិបាល តាមរយៈ អនុគណៈកម្មការ បច្ចេកទេស និងព្យាបាលដែលមានទូរសព្ទ និងតេឡេក្រាមលេខ៖ ០១២ ៨៩១ ៥២៧ និង ០១២ ៦៩១ ១១២៕
សេចក្តីជូនដំណឹង និងលក្ខខណ្ឌដែលដាក់ចេញដោយក្រសួងសុខាភិបាល នៅខាងក្រោម ៖