ក្រសួងការបរទេសចិននិយាយថា ទីប្រឹក្សារដ្ឋនិងរដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាង យីបានប្រាប់រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក អ៊ែនថូនី ប្លីនខិន តាមទូរស័ព្ទកាលពីថ្ងៃអាទិត្យទី ២៩ ខែសីហាថា សហគមន៍អន្តរជាតិគួរតែចូលរួមពាក់ព័ន្ធជាមួយពួកមេដឹកនាំតាលីបង់ថ្មីរបស់អាហ្វហ្គានីស្ថាននិង “ណែនាំផ្លូវវិជ្ជមានដល់ពួកគេ”។
យោងតាមសេចក្តីថ្លែងការណ៍មួយបានឱ្យដឹងថា លោកវ៉ាងបាននិយាយថា វ៉ាស៊ីនតោនគួរធ្វើការជាមួយសហគមន៍អន្តរជាតិដើម្បីផ្តល់ជំនួយផ្នែកសេដ្ឋកិច្ចនិងមនុស្សធម៌ដល់អាហ្វហ្គានីស្ថាន ជួយឱ្យរបបថ្មីដំណើរការមុខងាររដ្ឋាភិបាលជាធម្មតា រក្សាស្ថិរភាពសង្គមនិង បញ្ឈប់កុំឱ្យរូបិយវត្ថុបន្តធ្លាក់ចុះនិងការចំណាយនៃការរស់នៅកុំឱ្យកើនឡើង។
លោកវ៉ាងបាននិយាយថា “ខណៈគោរពអធិបតេយ្យភាពអាហ្វហ្គានីស្ថាន អាម៉េរិកគួរតែធ្វើសកម្មភាពរឹងមាំដើម្បីជួយអាហ្វហ្គានីស្ថានប្រយុទ្ធប្រឆាំងនឹងភេរវកម្មនិងបញ្ឈប់អំពើហិង្សាជាជាងលេងស្តង់ដារពីរឬប្រយុទ្ធប្រឆាំងអំពើភេរវកម្មដោយចំពោះ”។ លោកបានព្រមានថា “ការដកទ័ពយ៉ាងតក់ក្រហល់” អាចអនុញ្ញាតឱ្យក្រុមភេរវករ”ប្រមូលផ្តុំគ្នាឡើងវិញនិងត្រឡប់មកវិញកាន់តែខ្លាំងក្លា”។
ទូរទស្សន៍រដ្ឋចិនបាននិយាយថា ការហៅទូរស័ព្ទនេះត្រូវបានធ្វើឡើងតាមការអញ្ជើញរបស់ទីក្រុងវ៉ាស៊ីនតោន។
អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក លោកណេត ប្រាយបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកប្លីន ខិន និងលោកវ៉ាងបាននិយាយអំពី”សារៈសំខាន់របស់សហគមន៍អន្តរជាតិក្នុងការចាប់តាលីបង់ឱ្យទទួលខុសត្រូវចំពោះការប្តេជ្ញាចិត្តជាសាធារណៈដែលពួកគេបានធ្វើទាក់ទងនឹងអន្តរកាលប្រកបដោយសុវត្ថិភាពនិងសេរីភាពក្នុងការធ្វើដំណើរសម្រាប់ជនជាតិអាហ្វហ្គានីស្ថាននិងជនបរទេស”។
ចិនមិនបានទទួលស្គាល់តាលីបង់ជាអ្នកគ្រប់គ្រងថ្មីរបស់អាហ្វហ្គានីស្ថានជាផ្លូវការនោះទេ ប៉ុន្តែលោកវ៉ាងកាលពីខែមុនបានទទួលជួបលោកមូឡា បារ៉ាដាជាប្រមុខការិយាល័យនយោបាយរបស់តាលីបង់ ហើយបាននិយាយថា ពិភពលោកគួរណែនាំផ្លូវដើរនិងគាំទ្រប្រទេសអាហ្វហ្គានីស្ថាន ខណៈប្រទេសនេះកំពុងរៀបចំរដ្ឋាភិបាលថ្មី ជាជាងដាក់សម្ពាធលើពួកគេបន្ថែមទៀត៕