អ្នកនាំពាក្យបដិសេធព័ត៌មានដែលថា សម្តេចក្រឡាហោម ស ខេង ជួប សម រង្ស៊ី សម្រេចបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយ

ភ្នំពេញៈនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបដិសេធនិងទាត់ចោលចំពោះព័ត៌មានដែលក្រុមប្រឆាំងបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមថា សម្តេចក្រឡាហោម ស ខេង ជួបជាមួយលោកសម រង្ស៊ី សម្រេចបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយ។លោកថា ជាព័ត៌មានមិនពិតហើយសមត្ថកិច្ចកពុងតែស្រាវជ្រាវចាប់ខ្លួនជនល្មើសដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។

នាយឧត្តមសេនីយ៍សន្តិបណ្ឌិត ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍នៅថ្ងៃទី២៩ ខែសីហានេះថា“ព័ត៌មាននេះគឺជាព័ត៌មានដែលជនល្មើសបានបំផុសនៅក្នុងហ្វេសប៊ុករបស់ខ្លួនដែលជាព័ត៌មានមិនពិត ។ សូមទាត់ចោលនៅព័ត៌មាននេះ។

ឯកឧត្តមបញ្ជាក់ថា សមត្ថកិច្ចរបស់យើងកំពុងតែដំណើរការស្រាវជ្រាវចាប់ខ្លួនជនល្មើសដើម្បីយកមកផ្តន្ទាទោសតាមច្បាប់រួមទាំងអ្នកស៊ែរ (Share) ផង។ អ្នកខ្លះ Share ដោយចេតនា, អ្នកខ្លះ Shareដោយបញ្ហាអីមួយ ឬក៏មូលហេតុអីមួយ ។

ក៏ប៉ុន្តែឲ្យតែមានធាតុផ្សំនៃបទល្មើសអាស្រ័យទៅលើតុលាការជាអ្នកវិនិច្ឆ័យ”។

គួររំលឹកថាកាលពីថ្ងៃទី២៣ ខែសីហាកន្លងទៅអ្នកនាំពាក្យក្រសួងមហាផ្ទៃធ្លាប់បានបដិសេធថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃគ្មានគម្រោងជួបជាមួយក្រុមន្ត្រីនៃអតីតគណបក្សសង្គ្រោះជាតិនៅប្រទេសបារាំងនោះទេ ។

ការបដិសេធរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃបានធ្វើឡើងបន្ទាប់ពីសារព័ត៌មាន VOD បានចុះផ្សាយថា មន្ត្រីអតីតបក្សប្រឆាំងថា ខ្លួនមានគម្រោងជួបពិគ្រោះយោបល់ក្រៅផ្លូវការជាមួយសម្តេចក្រឡាហោម ស ខេង នៅបារាំង។

យោងតាមសេចក្តីជូនដំណឹង របស់ខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង កាលពីថ្ងៃទី២២ ខែសីហា បានឲ្យដឹងថា ដោយមានធុរៈផ្ទាល់ខ្លួន និងបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតី តជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញធ្វើដំណើរទៅកាន់សាធារណរដ្ឋបារាំង ចាប់ពីថ្ងៃទី ២២ ខែ សីហា រហូតដល់ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២១ ៕