(ភ្នំពេញ)៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានវាយតម្លៃខ្ពស់អំពីប្រសិទ្ធភាពនៃកម្មវិធីដកពិន្ទុ និងបំពេញពិន្ទុឡើងវិញសម្រាប់បណ្ណបើកបរ និងការផាកពិន័យបទល្មើសចរាចរណ៍ផ្លូវគោក ដើម្បីពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។
កម្មវិធីនេះមានលក្ខណៈពិសេស ស្គាល់ទម្រង់បណ្ណនានារួមមាន៖ បណ្ណបើកបរ លិខិតឆ្លងដែន អត្តសញ្ញាណបណ្ណ និងបណ្ណសម្គាល់យានយន្ត និងអាចដឹងថាបណ្ណបើកបរ ត្រឹមត្រូវ ឬក្លែងក្លាយ ដឹងពីប្រតិបត្តិការនៃការកាត់ពិន្ទុ និងពិន័យលឿនរហ័ស ដឹងទីតាំងភូមិសាស្ត្រ និងប្រវត្តិនៃការដកពិន្ទុ និងពិន័យនិងអាចកត់ត្រារាល់ទិន្នន័យដែលអាចប្រើប្រាស់ជាយុទ្ធសាស្រ្តសម្រាប់កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
ការវាយតម្លៃបែបនេះ របស់ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានធ្វើឡើងនាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ក្នុងឱកាសលោកបានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ ដោយមានការចូលរួមដោយ ផ្ទាល់ និងតាមប្រព័ន្ធវីដេអូពីចម្ងាយពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញក្រោមឱវាទពាក់ព័ន្ធ។
សូមកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតរវាងអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួង មហាផ្ទៃ ក្រសួងសាធារណការ និងដឹកជញ្ជូន អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងនាយកដ្ឋានព័ត៌ មានវិទ្យា និងទំនាក់ទំនងសាធារណៈ ទើបយើងអាចបន្តជំរុញការងារអភិវឌ្ឍន៍កម្មវិធីដកពិន្ទុ និង បំពេញពិន្ទុឡើងវិញសម្រាប់បណ្ណបើកបរ និងការផាកពិន័យបទល្មើសចរាចរណ៍ផ្លូវគោកនេះ ឱ្យដំណើរទៅមុខបានដោយរលូន។
ឯកឧត្តម ទេសរដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ ព័ន្ធទាំងអស់របស់វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ជាពិសេសថ្នាក់ដឹកនាំក្រសួង ពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ដើម្បីធ្វើឱ្យវិទ្យាស្ថានអាចដំណើរការ បានក្នុងរយៈពេលខ្លី និងសម្រេចបានសមិទ្ធផលមួយចំនួនគួរឱ្យកត់សម្គាល់ និងបានសម្ដែងនូវការ គាំទ្រឱ្យវិទ្យាស្ថានចុះអនុស្សារណៈយោគយល់ជាមួយក្រុមហ៊ុន RMA Group សាលាភូមិន្ទរដ្ឋបាល និងសាកលវិទ្យាល័យ Chang’ An ដែលជាសាលាមួយល្បីនៅប្រទេសចិន និងបានជំរុញឱ្យ វិទ្យាស្ថានបន្តពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យ មហាវិទ្យា ល័យធំៗក្នុងពិភពលោក និងដៃគូអភិវឌ្ឍន៍នានាផងដែរ។
ដោយឡែកសម្រាប់កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពិនិត្យមើលវឌ្ឍនភាពការងារ បញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរ របស់អង្គភាពក្រោមឱវាទក្រសួង ដែលបានជួបប្រទះក្នុងការ អនុវត្តការងាររបស់ខ្លួននាពេលកន្លងមក ដោយផ្តោតជាសំខាន់លើរបៀបវារៈមួយចំនួនរួមមាន៖ របាយការណ៍ស្ដីពីលទ្ធផលសិក្សារបស់និស្សិត វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន សម្រាប់ឆមាសទី១ និងផែនការសម្រាប់ឆមាសទី២ វឌ្ឍនភាពការងារដកពិន្ទុ និងបំពេញពិន្ទុឡើង វិញសម្រាប់បណ្ណបើកបរ និងការផាកពិន័យបទល្មើស ចរាចរណ៍ផ្លូវគោក និងការត្រៀមរៀបចំកម្មវិធី MPWT LIVE SHOW លើកដំបូង។
ឯកឧត្តម ទេសរដ្ឋមន្ត្រី បានលើកអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្រោមការ ដឹកនាំដ៏ ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការស្វះស្វែងរកវ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយគិតរហូតមកទល់ពេលនេះ កម្ពុជាសម្រេចចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុ១៨ឆ្នាំឡើងទៅបានប្រមាណ៩៩% ហើយបន្ថែម ពីលើនេះ កម្ពុជាជាប្រទេសទីពីរបន្ទាប់ពីប្រទេសអ៉ីស្រាអែល ដែលបានចាក់ វ៉ាក់សាំងដូសជំរុញជូន ប្រជាពលរដ្ឋ។
ទាក់ទងនឹងការត្រៀមរៀបចំកម្មវិធី MPWT LIVE SHOW លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្មវិធីនេះ គឺជាការចែករំលែកព័ត៌មានទៅក្នុងសង្គម ជាកម្មវិធីដែលអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋ និង អ្នកពាក់ព័ន្ធសួរសំណួរនៅតាមបណ្ដាញសង្គមហ្វេសប៊ុក ក៏ដូចជាផ្តល់ឱកាសឱ្យពួកគាត់បាន ចូលរួមជា មតិយោបល់ជាមួយថ្នាក់ដឹកនាំជំនាញពាក់ព័ន្ធរបស់ក្រសួងក្នុងពេលវេលាជាក់ស្ដែង នៅក្នុងបរិបទនៃការ ប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩។
យោងតាមតារាងកាលវិភាគសម្រាប់ប្រចាំឆ្នាំ២០២១នេះ ក្រសួងគ្រោងរៀបចំកម្មវិធី MPWT LIVE SHOW ចំនួនប្រាំលើប្រធានបទដូចជាទី១៖ សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចាប់ពីចុងឆ្នាំ ២០១៨ ដល់ពេលបច្ចុប្បន្ន និងផែនការកំពុងបន្តរហូតដល់ឆ្នាំ២០២៣, ទី២៖ ការងារលេខពិសេស ផ្ទាល់ខ្លួន, ទី៣៖ ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ទី៤៖ ការងារបច្ចេកទេសផ្លូវថ្នល់ និង៥៖ ការងារវិស័យដឹកជញ្ជូនផ្លូវគោក៕