វៀតណាមចំណាយលុយអោយអ្នកជំងឺជាពីកូវីដ១៩វិលទៅជួយគ្រូពេទ្យ

ហាណូយ៖ អាជ្ញាធរវៀតណាមកំពុងសុំផ្តល់ប្រាក់ឧបត្ថម្ភដល់អ្នកជំងឺដែលបានជាពីកូវីដ១៩បើសិនជាពួកគេព្រមបន្តនៅឬវិលទៅមន្ទីរពេទ្យដើម្បីជួយបុគ្គលិកវេជ្ជសាស្ត្រដែលតស៊ូនឹងកំណើនអ្នកចូលសម្រាកនៅមន្ទីរពេទ្យ។

ក្រោយពីទទួលបានជោគជ័យក្នុងការទប់ស្កាត់កូវីដ១៩នៅដំណាក់កាលដំបូងៗ ឥឡូវប្រទេសនេះកំពុងប្រឈមការផ្ទុះជំងឺឆ្លងដ៏អាក្រក់បំផុត ជំរុញដោយវីរុសបំប្លែងខ្លួនDelta។កំណើននៃការឆ្លងថ្មីនិងការស្លាប់កំពុងដាក់សម្ពាធលើអាជ្ញាធរសុខាភិបាល ជាពិសេសគ្រូពេទ្យ។

ផែនការនាំអ្នកជំងឺជារួចហើយចូលមន្ទីរពេទ្យវិញ ត្រូវបានបង្កើតឡើងនៅសប្តាហ៍នេះក្នុងទីក្រុងហូជីមិញ ដែលជាស្នូលនៃការផ្ទុះកូវីដ១៩ក្នុងសហគមន៍នាពេលបច្ចុប្បន្ន។

ក្នុងកម្មវិធីនេះ អតីតអ្នកជំងឺកូវីដ១៩មានភារកិច្ចធ្វើការជាមួយក្រុមគ្រូពេទ្យដើម្បីជួយសេវាសុខាភិបាល។ពួកគេក៏ញត្រូវស្លៀកពាក់សម្លៀកបំពាក់ការពារមេរោគ ទទួលបានអាហារ និងប្រាក់ប្រាំខែ៨លានដុង(៣៥០ដុល្លារ)។

នៅប៉ុន្មានខែមកនេះ ក្រសួងសុខាភិបាលវៀតណាមបានបញ្ជូនវេជ្ជបណ្ឌិតនិងពេទ្យមធ្យម១៤.៦០០នាក់បន្ថែមមកកាន់ទីក្រុងភាគខាងត្បូងហូជីមិញដើម្បីជួយការងារហួសបន្ទុករបស់ក្រុមគ្រូពេទ្យមូលដ្ឋាន។

ង្វៀន ហ័ង អាញ់ អ្នកដែលបានជាពីកូវីដកាលពីប៉ុន្មានសប្តាហ៍មុន បាននិយាយតាមទូរស័ព្ទថា «ខ្ញុំមិនសូវចាប់អារម្មណ៍នឹងប្រាក់ឧបត្ថម្ភប៉ុន្មានទេ ។ខ្ញុំគ្រាន់តែចង់ជួយសម្រាលការងារបុគ្គលិកវេជ្ជសាស្ត្រ។

ខ្ញុំជឿថា វត្តមានរបស់ខ្ញុំនៅមន្ទីរពេទ្យ នឹងផ្តល់កម្លាំងចិត្តដល់អ្នកជំងឺដែលកំពុងតស៊ូនឹងវីរុស»។

រងការវាយប្រហារពីវីរុសបំប្លែងខ្លួន Delta វៀតណាមបានរាយការណ៍ចំនួនឆ្លងប្រចាំថ្ងៃលើ១០.០០០នាក់ដល់ថ្ងៃទី៧ហើយគិតត្រឹមថ្ងៃពុធទី២៥សីហាដោយម្សិលមិញឆ្លង១២.០៩៦នាក់ទៀតនិងស្លាប់ថែម៣៣៥នាក់៕