កាប៊ុល៖ បណ្តាប្រទេសលោកខាងលិចកាលពីថ្ងៃពុធទី២៥សីហាបានប្រញាប់ប្រញាល់ជម្លៀសមនុស្សចេញពីអាហ្វហ្គានីស្ថាន ខណៈនៅសល់ពេលមិនដល់១សប្តាហ៍ផងទាហានបរទេសនឹងចាកចេញដោយបន្សល់ទុកជនជាតិអាហ្វហ្គានីស្ថានរាប់ពាន់នាក់ដែលបានជួយការងាររបស់ពួកគេនៅពេល២ទសវត្សរ៍មកនេះអោយស្ថិតក្នុងជោគវាសនាមិនប្រាកដប្រជាក្រោមការដឹកនាំរបស់តាលីបង់។
យោធាអាម៉េរិកបាននិយាយថា ខ្លួននឹងចំណាយរយៈពេល២ថ្ងៃចុងក្រោយផ្តោតលើការជម្លៀសទាហានរបស់ខ្លួន។
ប្រធានាធិបតីអាម៉េរិកបានបញ្ជាអោយដកទាហានអាម៉េរិកទាំងអស់ចេញពីអាហ្វហ្គានីស្ថាននៅយ៉ាងយូរត្រឹមចុងខែសីហានេះដោយច្រានចោលការស្នើសុំរបស់សម្ពន្ធមិត្តអឺរ៉ុបជាច្រើនអោយពន្យារកាលកំណត់នៃការជម្លៀសមនុស្សនេះ។
សូមបញ្ជាក់ថា ក្នុងពេល១០ថ្ងៃចាប់តាំងពីតាលីបង់ចូលកាន់អំណាចនៅក្រុងកាប៊ុល អាម៉េរិកនិងសម្ពន្ធមិត្តបានបង្កើនការជម្លៀសមនុស្សធំបំផុតមួយក្នុងលោកដោយបានបញ្ជូនចេញមនុស្សជាង៨៨.០០០នាក់ រួមមានប្រមាណ១៩.០០០នាក់នៅ២៤ម៉ោងកន្លងទៅ។
យោធាអាម៉េរិកបាននិយាយថាយន្តហោះចេញដំណើររាល់៣៩នាទីម្តង។ពលរដ្ឋអាម៉េរិកនិងសមាជិកគ្រួសាររបស់គេយ៉ាងតិច៤.៥០០នាក់ត្រូវបានជម្លៀសចេញពីអាហ្វហ្គានីស្ថានចាប់ពីពាក់កណ្តាលខែសីហា។
ក្រុមតាលីបង់បានិយាយថា ទាហានបរទេសត្រូវតែចេញអោយអស់យ៉ាងយូរនៅត្រឹមចុងខែនេះ ។ពួកគេក៏បានលើកទឹកចិត្តអោយប្រជាជនអាហ្វហ្គានីស្ថានបន្តនៅក្នុងប្រទេស តែសំរាប់អ្នកនៅតែចង់ចាកចេញ ពួកគេនឹងត្រូវអនុញ្ញាតអោយចាកចេញតាមជើងហោះហើរពាណិជ្ជកម្ម នៅក្រោយទាហានបរទេសចាកចេញ៕