អាជ្ញាធរជាតិអប្សរា រៀបចំជួសជុលពង្រឹងខឿន រួតបាកាណ នៅអង្គរវត្ត

សៀមរាបៈ ក្រុមការងារ នៃនាយកដ្ឋានអភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា ត្រៀមអនុវត្តគម្រោង ជួសជុលពង្រឹងខឿន រួតបាកាណ ដោយរៀបចំពិធីបួងសួង តាមទំនៀមទម្លាប់បុរាណ ដើម្បីធ្វើការជួសជុល ។ នេះបើតាមការផ្សាយ ដោយអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី២៦ ខែសីហានេះ។

លោក ម៉ៅ សុខនី ប្រធានគម្រោងជួសជុល នៃនាយកដ្ឋានអភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានមានប្រសាសន៍ថាៈ គម្រោងនេះ នឹងអនុវត្តរយៈពេល ៥ ឆ្នាំ ក្នុងបំណង ដើម្បីពង្រឹងខឿនរួតបាកាណ ឱ្យរឹងមាំឡើងវិញ ក្រោយស្ថានភាពថ្ម មានការធ្លាក់ និងញែកចេញពីគ្នា។

លោក ម៉ៅ សុខនី បានបន្ថែមថា៖ « យើងកំពុងសិក្សា ចែកភិនភាគថ្ម វាមានថ្មដំបូល ថ្មហោជាង ចែកវាឱ្យដាច់ ស្រួលពេលយើងរៀបចំទៅវិញ»។

តាមការបញ្ជាក់ពីប្រធានគម្រោង ស្ថានភាពខឿនរួតបាកាណ នៃប្រាសាទអង្គរវត្តនេះ មានការហែក ខ្លះបម្រុងធ្លាក់ ហើយក្រុមការងារ នឹងរៀបចំរុញថ្មទាំងនោះឱ្យទៅ ទីតាំងដើមវិញ ក្នុងន័យពង្រឹងខឿន ឱ្យមានភាពរឹងមាំ គង់វង្សតទៅមុខទៀត។

លោក ម៉ៅ សុខនី បានបញ្ជាក់ថាៈ គម្រោងជួសជុលនេះ មិនប៉ះពាល់ដល់ ការទស្សនារបស់ ភ្ញៀវទេសចរទេ ព្រោះថា ការជួសជុល នឹងបែងចែកជាជ្រុងៗ និងជាដំណាក់កាលៗ៕