រដ្ឋបាលខេត្តកំពង់ស្ពឺ ទទួលផ្លែមៀន ៥តោន ជាអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រាប់ចែកជូនមន្ត្រីរាជការ

(កំពង់ស្ពឺ)៖ លោកជំទាវ ឡុង បូណារ៉េត អភិបាលរងខេត្តកំពង់ស្ពឺ, តំណាងឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ បានទទួលផ្លែមៀន ចំនួន៥តោន ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហកម្ពុជា ដើម្បីចែកជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធព្រមទាំងក្រុម គ្រួសារបរិភោគ។

ឯកឧត្តម វ៉ី សំណាង បានឱ្យដឹងថា រដ្ឋបាលខេត្តកំពង់ស្ពឺ បានទទួលផ្លែមានចំនួន៥តោន ដែលជា អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបានទិញពី កសិករដាំផ្លែមៀន ដែលជាប់គាំងរកទីផ្សាលក់មិនទាន់បាន។

ឯកឧត្តម អភិបាលខេត្តបានបន្តថា ដោយមើលឃើញពីទុក្ខលំបាករបស់កសិករអ្នកដាំផ្លែមៀន សម្តេចទាំងទ្វេរបានចំណាយធនធានជួយទិញនូវផ្លែមៀនពីកសិករមកចែកជូនមន្ត្រីរាជការ អ្នកធ្វើចត្តាឡីស័ក គ្រូពេទ្យ កងកម្លាំង។ល។ បានទទួលទានផង និងជួយសម្រាលទុក្ខលំបាកនៃ ការខ្វះខាតដើមទុនរបស់បងប្អូនកសិករអ្នកដាំផ្លែមៀនផង។

ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ថា ក្នុងនាមរដ្ឋបាលថា ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ អភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ លោកគ្រូ អ្នកគ្រូពេទ្យ បងប្អូនដែលកំពុងសម្រាកព្យា បាលជំងឺកូវីដ១៩ និងអ្នកធ្វើចត្តាឡីស័ក សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងសម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលគ្រប់កាលៈទេសៈសម្តេចទាំងទ្វេរតែងតែដឹងសុខទុក្ខចំពោះយើងខ្ញុំ និងប្រជាពលរដ្ឋ គ្រប់ពេល៕