កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន, អាស៊ាន-ចិន, អាស៊ាន-កូរ៉េ, អាស៊ាន-ជប៉ុន នៅថ្ងៃទី១១-១២ ខែវិច្ឆិកា ២០២១ តាមប្រព័ន្ធវីដេអូ

(ភ្នំពេញ)៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន រដ្ឋមន្ត្រីដឹកជញ្ជូន អាស៊ាន-ចិន រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន-កូរ៉េ រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន-ជប៉ុន និងកិច្ចប្រជុំពាក់ព័ន្ធ ផ្សេងទៀត នៅថ្ងៃទី១១-១២ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូពីចម្ងាយ តាមគោលការណ៍ ឯកភាពពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ការឱ្យដឹងបែបនេះ របស់ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានធ្វើឡើងនាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ក្នុងឱកាសឯកឧត្តម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ ដោយមានការចូលរួមដោយ ផ្ទាល់ និងតាមប្រព័ន្ធវីដេអូពីចម្ងាយពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញក្រោមឱវាទពាក់ព័ន្ធ។

សូមរំឮកថា ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ពីទស្សនវិស័យវែងឆ្ងាយ ក្នុង ពេលកម្ពុជា ដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧ ដោយកម្ពុជាជាប្រទេសដែលនាំ មុខគេក្នុងការពង្រីក ការចូលរួមរបស់ដៃគូរសន្ទនាជាមួយអាស៊ានឱ្យបានកាន់តែច្រើន ដែលរួមមាន៖ ប្រទេសឥណ្ឌា អូស្រ្តាលី ធនាគារពិភពលោក (WB) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ធនាគារ វិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ជាដើម ហើយក្រុមការងាររបស់ក្រសួង (MPWT) នឹងធ្វើ ការសហប្រតិបត្តិការល្អជាមួយលេខាធិការដ្ឋាន អាស៊ានដើម្បីសម្រេចគោលដៅនេះ។

សូមបញ្ជាក់ថាក្រសួងសាធារណការនិងដឹកជញ្ជូនគ្រោងនឹងបង្កើតគណៈកម្មការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន ដោយមានការចូលរូមពីអង្គភាពពាក់ព័ន្ធទាំងអស់នៅក្នុងក្របខណ្ឌក្រសួង និងបានស្នើឱ្យនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈពិនិត្យ និងស្រាវជ្រាវអំពីការរៀ បចំប្រព័ន្ធវីដេអូពីចម្ងាយឱ្យមានប្រសិទ្ធភាព និងមានលក្ខណៈរលូនផងដែរ៕