កម្ពុជា ត្រៀមខ្លួនចូលរួមប្រកួតកីឡាអាស៊ី ឆ្នាំ២០២២ ក្រោយទទួលបានលិខិតអញ្ជើញពីចិន

កម្ពុជាបានបង្ហាញការត្រៀមខ្លួនហើយជាស្រេច ដើម្បីចូលរួមប្រកួតកីឡាអាស៊ី លើកទី១៩ ឆ្នាំ២០២២ (19th Asian Games Hangzhou 2022) នៅទីក្រុង Hangzhou បន្ទាប់ពីបានលិខិតអញ្ជើញពីម្ចាស់ផ្ទះចិន។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។

ឯកឧត្តម វ៉ាត់ ចំរើន បានថ្លែងថា «គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានទទួលលិខិតអញ្ជើញ ដើម្បីចូលរួមព្រឹត្តិការណ៍ 19th Asian Games Hangzhou 2022 ហើយកម្ពុជាបានត្រៀមខ្លួនហើយជាស្រេច ដើម្បីចូលរួមការប្រកួតកីឡាអាស៊ី នៅទីក្រុង Hangzhou។ ជួបគ្នានៅទីក្រុង Hangzhou ការប្រកួតកីឡាអាស៊ី ឆ្នាំ២០២២»។

នេះគឺជាលើកទី២ ហើយដែលសាធារណរដ្ឋប្រជាមានិតចិន ទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ កីឡាប្រចាំទ្វីបអាស៊ី ៤ឆ្នាំម្ដងនេះ ក្រោយខកខានអស់រយៈពេល ៣២ឆ្នាំ។ ចំពោះព្រឹត្តិការណ៍ 19th Asian Games Hangzhou 2022 គ្រោងធ្វើការប្រកួតពីថ្ងៃទី១០ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ ដោយម្ចាស់ផ្ទះចិន បានកំណត់កីឡាចំនួន ៤០ប្រភេទដាក់ក្នុងការប្រកួតនេះ។

គួរដឹងថា កម្ពុជាបានបើកកំណត់ត្រាដ៏អស្ចារ្យរបស់ខ្លួន ក្នុងការប្រកួតកីឡាអាស៊ី ២លើកចុងក្រោយ ទី១-កីឡាអាស៊ី លើកទី១៧ ឆ្នាំ២០១៤ នៅសាធារណរដ្ឋកូរ៉េ កម្ពុជាដណ្ដើមមេដាយមាស ១គ្រឿងលើកដំបូង ដោយវីរកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី និងទី២-កីឡាអាស៊ី លើកទី១៨ ឆ្នាំ២០១៨ នៅឥណ្ឌូនេស៊ី កម្ពុជាបានបំបែកកំណត់ត្រាថ្មីដណ្ដើមបានមេដាយមាស ២គ្រឿង និងសំរឹទ្ធ ១គ្រឿង ដោយវីរកីឡាការិនីជឺជិតស៊ូ ខាន់ ចេសា ឈ្នះមេដាយមាស១ និងវីរកីឡាករ ម៉ូតូទឹក សាលី អ៊ូមើត ឈ្នះមេដាយមាស១ និងសំរឹទ្ធ១៕