(ភ្នំពេញ)៖ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្ដីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២ ១នេះ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ទទួលអំណោយ ថ្នាំគ្រាប់របស់ចិន (LIANHUA QINGWEN JIAONANG) ចំនួន៨០,០០០ប្រអប់ ពីសំណាក់ក្រុមហ៊ុនចំនួន៧ សម្រាប់ចូលរួម ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
ក្រុមហ៊ុនទាំង៧នេះរួមមាន៖ ក្រុមហ៊ុន China national heavy Machinery Corporation ចំនួន៣០,០០០ប្រអប់, សមាគមថ្មក្រានីតកម្ពុជា ចំនួន១០,០០០ប្រអប់, ក្រុមហ៊ុន Hundian Sihanouk vile Power Generation ចំនួន១០,០០០ប្រអប់, ក្រុមហ៊ុន CIIDG Erdos Hongjun Electric Power Co., Ltd ចំនួន១០,០០០ប្រអប់, ក្រុមហ៊ុន HOWPIN (Cambodia) Co., Ltd ចំនួន១០,០០០ប្រអប់, លោកឧកញ៉ាឡេង ហ៉ួរ ចំនួន៥,០០០ប្រអប់ និងក្រុមហ៊ុន Kun Yuan International (Cambodia) Co., Ltd ចំនួន៥,០០០ប្រអប់។
ថ្លែងក្នុងពិធីនោះរដ្ឋមន្រ្ដី ស៊ុយ សែម ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ ចំពោះ បណ្តាលក្រុមហ៊ុន ក្នុងការឧបត្ថម្ភថ្នាំគ្រាប់របស់ចិន (LIANHUA QINGWEN JIAONANG) ចំនួន៨០,០០០ប្រអប់នេះ។
រដ្ឋមន្រ្ដី ស៊ុយ សែម បានគូសបញ្ជាក់ថា ក្រសួងនឹងយកថ្នាំគ្រាប់ចិនទាំងអស់នេះ ទៅចែកជូនប្រជា ពលរដ្ឋនៅក្នុងខេត្តពោធិ៍សាត់ ក្នុងគោលបំណង ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុង ការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩។
បើតាមលោកឧកញ៉ា ឡេង ឬទ្ធី ប្រធានសមាគមថ្មក្រានីតកម្ពុជា បានថ្លែងថា ពិតជាមានកិត្តិយស ណាស់ ដែលបានចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឹ កូវីដ១៩ ដោយបានបរិច្ចាគថ្នាំបុរាណចិន ប្រអប់ជូនដល់ក្រសួងរ៉ែ និងថាមពល ដើម្បីយកទៅចែក ជូនដល់ប្រជាជន ដែលតំរូវការចាំបាច់ ក្នុងការប្រើប្រាស់សម្រាប់ព្យាបាលជំងឺកូវីដ១៩។
លោកឧកញ៉ា ឡេង ឬទ្ធី បានបន្ដថា សូមគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការយ៉ាង ត្រឹមត្រូវ ក្នុងការដោះស្រាយបញ្ហា ព្រមទាំងទទួលបានជោគជ័យ ក្នុងការយុទ្ធនាការចាក់វ៉ាក់សាំង ទូទាំងប្រទេស។ លោកបន្ថែមទៀតថា លោកពិតជាសូមសម្ដែងនូវការកោតសរសើរ ដល់កិច្ចការ របស់រាជរដ្ឋាភិបាលកម្ពុជា ហើយសង្ឃឹមថា ពួកយើងនឹងឆ្លងកាត់ឧបសគ្គនេះ បានទាំងអស់គ្នា។
នាឱកាសនោះដែរ ឯកឧត្តម រដ្ឋមន្ត្រី ស៊ុយ សែម ក៏បានរៀបរាប់ពីស្ថានភាពជំងឺកូវីដ១៩ នៅក្នុង ប្រទេសកម្ពុជា ក៏ដូចជានៅក្នុងខេត្តពោធិ៍សាត់ទាំងមូល ជូនដល់បណ្តាលថ្នាក់ដឹកនាំក្រុមហ៊ុន ទាំង៧នេះបានដឹងផងដែរ។ ខណៈថ្នាំគ្រាប់របស់ចិន (LIANHUA QINGWEN JIAONANG) ទាំង៨ម៉ឺនគ្រាប់នេះ នឹងអាចចូលចំណែកយ៉ាងខ្លាំង ជាមួយរាជរដ្ឋាភិបាល ក្នុងការព្យាបាល ជំងឺកូវីដ១៩ កម្រិតស្រាលផងដែរ។
ឯកឧត្តម បញ្ជាក់ថា ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តពោធិ៍សាត់ គឺឯកឧត្តម បានធ្វើផែនការដោយបានចាត់ចែងថ្នាំគ្រាប់របស់ចិន ដែលទទួលបានពីបណ្តាលក្រុមហ៊ុន និង សប្បុរសជននានានេះ ដោយក្នុង១គ្រួសារ ទទួលបានថ្នាំនេះ ចំនួន៣ប្រអប់ជាដើម៕