(កំពង់ឆ្នាំង)៖ អាជ្ញាធរ និងប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បាននិងកំពុង សហការរួមគ្នាប្រឹងប្រែងអភិវឌ្ឍភូមិថ្មីមួយ គឺ «ភូមិគិរីអភិវឌ្ឍន៍» ឱ្យក្លាយជាតំបន់ទេសចរណ៍ ធម្មជាតិថ្មីមួយ សម្រាប់ភ្ញៀវទេសចរជិតឆ្ងាយទៅមកលេងកម្សាន្ត ព្រោះដោយសារនៅទីនោះមាន សក្ដានុពលខ្ពស់ផ្នែកទេសចរណ៍ធម្មជាតិ គួរជាទីទាក់ទាញក្រៃលែង។
គួរជម្រាបថា ភូមិគិរីអភិវឌ្ឍន៍នេះ ស្ថិតនៅក្នុងឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលត្រូវបានបង្កើតឡើងក្រោយគេនៅអំលុងឆ្នាំ២០១៥ និងមានប្រជាពលរដ្ឋរស់នៅជាង ២០០ គ្រួសារ។
លោក មុំ សារ័ត្ន ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ សូរិយោដី និងភូមិបាល ស្រុកសាមគ្គីមានជ័យ បានឱ្យដឹងថា ភូមិគិរីអភិវឌ្ឍន៍ គឺសម្បូរទៅដោយសម្បត្តិធនធានធម្មជាតិ ជាច្រើនសម្បូរបែប មានដូចជាទេសភាពព្រៃភ្នំក្រំថ្ម ក៏ដូចជាទេសភាពធម្មជាតិផ្សេងៗទៀត ប្រកបដោយភាពទាក់ទាញខ្ពស់។
លោក មុំ សារ័ត្ន បានបន្តថា ដោយពិនិត្យឃើញសក្តានុពលលើវិស័យទេសចរណ៍ធម្មជាតិ និងដោយ មានការឯកភាពពីលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងផងនោះ ក្នុងរយៈពេលជិតមួយ ខែមកនេះ រដ្ឋបាលស្រុកសាមគ្គីមានជ័យបាននិងកំពុងកសាងផ្លូវលំប្រវែង ២,៥០០ ម៉ែត្រ នៅតាម ព្រៃជាប់ជើងភ្នំ និងកំពុងសហការជាមួយមន្ទីរធនធានទឹកខេត្ត ដើម្បីកសាងទំនប់បង្ហៀទឹកមួយ កន្លែងនៅចំកណ្ដាលតំបន់ព្រៃភ្នំខាងលើនេះ ដើម្បីត្រៀមផ្គត់ផ្គង់ទឹក និងត្រៀមកសាងរោងលក់ដូរ និងដាក់អំពូលសូឡាតាមដងផ្លូវសម្រាប់ជួលឱ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានលក់ដូរចំណីអាហារជូនភ្ញៀវទេសចរដែលមកលេងកម្សាន្ត ឬក៏អាចមកបោះជំរំកម្សាន្តនៅក្នុងកម្មវិធីជួបជុំនានា ក្នុងតំបន់ ទេសចរណ៍ធម្មជាតិមួយនេះផងដែរ។
លោកប្រធានការិយាល័យភូមិបាលស្រុកសាមគ្គីមានជ័យ បានបញ្ជាក់ទៀតថា ផ្ទៃដីព្រៃភ្នំ ដែលរដ្ឋ បាលស្រុករៀបចំកសាងឱ្យក្លាយទៅជាតំបន់ទេសចរណ៍ធម្មជាតិខាងលើនេះមានទំហំ ៦០ ហិកតា ក្នុងនោះក្រុមមន្ត្រីជំនាញបានវាស់វែងចុះបញ្ជីជាដីរដ្ឋរួចហើយ ដែលគ្រប់គ្រងដោយរដ្ឋបាលស្រុក សាមគ្គីមានជ័យ។ ចំណែកចំណូលកម្រៃដែលបានពីការជួលរោងលក់ដូរ និងចំណូលផ្សេងៗពី តំបន់ទេសចរណ៍ធម្មជាតិនេះ ត្រូវគ្រប់គ្រងដោយរដ្ឋបាលស្រុកសាមគ្គីមានជ័យ ក្នុងទិសដៅខាងមុខ នឹងត្រូវបង្កើតជា «សហគមន៍ទេសចរណ៍ធម្មជាតិគិរីអភិវឌ្ឍន៍»។
ទាក់ទងនឹងតំបន់ទេសចរណ៍ព្រៃភ្នំធម្មជាតិនេះ លោក ស៊ុំ សុវណ្ណ មេភូមិគិរីអភិវឌ្ឍន៍ ក៏បានបញ្ជាក់ ដែរថា សព្វថ្ងៃនេះ នៅរៀងរាល់ថ្ងៃសៅរ៍-អាទិត្យ គឺមានភ្ញៀវទេសចរមកពីរាជធានីភ្នំពេញ និងពី បណ្ដាស្រុកផ្សេងៗបានជិះឡានមកលេងកម្សាន្តរាប់រយគ្រឿង ដែលមានមនុស្សរាប់ពាន់នាក់ មកពិសាអាហារ និងអង្គុយលេងកម្សានគយគន់ទេសភាពព្រៃភ្នំក្រំថ្ម និងទេសភាពធម្មជាតិជុំ វិញយ៉ាងសប្បាយរីករាយ។
លោកមេភូមិគិរីអភិវឌ្ឍន៍បានអំពាវនាវដល់ភ្ញៀវទេសចរដែលមកលេងកម្សាន្តក្នុងតំបន់នេះទាំងអស់ គប្បីជួយរក្សាអនាម័យ ទុកដាក់សំរាម-កាក់សំណល់ឱ្យបានត្រឹមត្រូវ និងអនុវត្តនូវវិធានរបស់ក្រ សួងសុខាភិបាល ពិសេសវិធានការ «៣-កុំ និង ៣-ការពារ» ដើម្បីរួមគ្នាទប់ស្កាត់ការរីករាដាល ជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍៕