ប្រធានកាកបាទក្រហមកម្ពុជា៖ «ក្នុងបរិការណ៍បច្ចុប្បន្ន ជំនួយមនុស្សធម៌វ៉ាក់សាំង គឺជាទង្វើដ៏ថ្លៃថ្លាដែលមិនអាចកាត់ថ្លៃបាន»

នៅល្ងាចទី២៣ ខែសីហា ឆ្នាំ២០២១ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំង SARS-CoV-2 (Sinopharm) ចំនួន ១០ម៉ឺនដូស ដែលជាអំណោយដ៏ថ្លៃថ្លារបស់សមាគមជាតិកាកបាទក្រហមចិន ជូនកាកបាទក្រហមកម្ពុជា ដែលត្រូវបន្តប្រគល់ជូនក្រសួងសុខាភិបាល ដើម្បីបម្រើការក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។

ថ្លែងក្នុងពិធីប្រគល់ទទួលវ៉ាក់សាំងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោក Wang Wentian ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា «ចិន និងកម្ពុជាគឺជាអ្នកជិតខាងល្អ មិត្តល្អ បងប្អូនល្អ និងដៃគូល្អ»។

«ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺវីរុសកូវីដ-១៩មក ចិននិងកម្ពុជាបានជួយគ្នាទៅវិញទៅមក រួមគ្នាពុះពាររាល់ឧបសគ្គទាំងឡាយ
បង្កើតបានជាគំរូសម្រាប់សហប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺវីរុសនៅក្នុងសហគមន៍អន្តរជាតិ»។ លោកបានបញ្ជាក់ថាវ៉ាក់សាំងចិនដូសនីមួយៗពោរពេញទៅដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅបំផុតរបស់ប្រជាជនចិនជូនចំពោះប្រជាជនកម្ពុជាហើយប្រទេសចិននឹងបន្តធ្វើជាបង្អែកយុទ្ធសាស្ត្រក្នុងការផ្គត់ផ្គង់វ៉ាក់សាំងជូនកម្ពុជា។

ទន្ទឹមនឹងនេះ កាកបាទក្រហមចិន និងកាកបាទក្រហមកម្ពុជាតែងរក្សាទំនាក់ទំនងកិច្ចសហប្រតិបត្តិការចំណងមិត្តភាព។ រាល់ពេលមានគ្រោះធម្មជាតិកើតឡើង ភាគីទាំងពីរបានជួយគ្នាទៅវិញទៅមកយ៉ាងទាន់ពេលវេលា។

ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស បានសម្តែងនូវក្តីសោមនស្សរីករាយ ដោយបានមកចូលរួមដោយផ្ទាល់ ក្នុងឋានៈ ជាប្រធានកាកបាទក្រហមកម្ពុជា នៅក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំងនាពេលនេះ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងថា «ក្នុងបរិការណ៍បច្ចុប្បន្ន ជំនួយមនុស្សធម៌នេះ គឺជាទង្វើដ៏ថ្លៃថ្លាដែលមិនអាចកាត់ថ្លៃបាន និងបង្ហាញអំពីទឹកចិត្តឈឺឆ្អាលប្រកបដោយមនសិការ ក្នុងការជួយគ្នាក្នុងគ្រាលំបាកនេះ ខណៈដែលវ៉ាក់សាំង បានក្លាយជា ទំនិញយុទ្ធសាស្ត្រសំខាន់ ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតកូវីដ-១៩នៅទូទាំងពិភពលោក។ ជាងនេះទៅទៀត កាយវិការនេះ បានឆ្លុះបញ្ចាំងពីចំណងមិត្តភាពកាន់តែស្អិតរមួត និងឥតប្រួលប្រែ ជាយូរអង្វែងរវាងប្រទេសទាំង២ ជាពិសេស កិច្ចសហប្រតិបត្តិការរវាងកាកបាទក្រហមកម្ពុជា និងសមាគមជាតិកាកបាទក្រហមចិន។»

ម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបន្តថា ក្នុងក្របខណ្ឌសកល សាធារណរដ្ឋប្រជាមានិតចិន បានក្លាយជាប្រទេសឈានមុខគេ នៅក្នុងការផ្តល់វ៉ាក់សាំង ដោយមិនប្រកាន់និន្នាការទាំងក្នុងក្របខណ្ឌមនុស្សធម៌ និងការបញ្ជាទិញដោយផ្ទាល់ ជាពិសេស បាននិងកំពុងចូលរួមជួយជ្រោមជ្រែងប្រទេសកំពុងអភិវឌ្ឍ ក្នុងការទទួលបានវ៉ាក់សាំងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។

ការណ៍នេះ បាន ឆ្លុះបញ្ចាំងយ៉ាងច្បាស់ មិនអាចប្រកែកបាន អំពីសន្តានចិត្តមនុស្សធម៌ ការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់របស់ប្រទេសចិន ជាពិសេស ស័ក្ដិសមជាប្រទេសមហាអំណាចមួយ ដែលមានភាពជាអ្នកដឹកនាំច្បាស់លាស់។ សម្រាប់កម្ពុជា ក្នុងបរិការណ៍នៃការរីករាលដាលនៃជំងឺកូវីដ-១៩ មិត្តចិន តែងតែនឹករលឹកដល់កម្ពុជា និងខិតខំជួយកម្ពុជាតាមគ្រប់រូបភាព ក្នុងការធានានិរន្តភាពកិច្ចអភិវឌ្ឍសង្គម ដោយឈរលើចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រជាជាតិ និងប្រជាជននៃប្រទេសទាំង ២។»

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានគូសបញ្ជាក់ថា៖ «ក្នុងស្ថានភាពបច្ចុប្បន្ន ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ទាមទារឱ្យមានការចូលរួម និងសហការយ៉ាងស្អិតរមួត ពីភាគីពាក់ព័ន្ធទាំងអស់។

ក្នុងន័យនេះ កាកបាទក្រហមកម្ពុជា ប្តេជ្ញាបន្តខិតខំចូលរួម និងសហការជាមួយនឹងរាជរដ្ឋាភិបាល ឱ្យកាន់តែខ្លាំងក្លាមួយកម្រិតទៀត ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈការចូលរួមចំណែកអប់រំផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋតាមសហគមន៍ឱ្យអនុវត្តវិធានការសុខាភិបាល និង វិធានការរដ្ឋបាល ដើម្បីសុខភាពល្អរបស់គ្រួសារមួយ សហគមន៍មួយ និងសង្គមជាតិទាំងមូល។»

ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប
សូមប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល ជាពិសេស «វិធានការ ៣-កុំ និង ៣-ការពារ» និងសូមមាតាបិតា និងអាណាព្យាបាលនាំកូនៗ និង ក្មួយៗ ដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ស្របតាមការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការមិនទុកឱ្យមានប្រជាជនកម្ពុជាណាម្នាក់ មិនបានចាក់វ៉ាក់សាំង នៅពេលដល់វេនរបស់ខ្លួននោះឡើយ ក្នុងគោលបំណងការពារសុវត្ថិភាព សុខភាពក៏ដូចជាសុខុមាលភាពរបស់គ្រួសារ សហគមន៍ និង សង្គមជាតិទាំងមូល៕