ភ្នំពេញ៖ ផ្លូវជាតិលេខ ៤៨ ប្រវែង ១៤៨គីឡូម៉ែត្រ បំបែកចេញពីផ្លូវជាតិលេខ៤ ចំណុចចំការហ្លួង ក្នុងស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទខេត្ត កោះកុង នឹងចាប់ផ្តើម សាងសង់នៅដើមខែ វិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ ដោយប្រើប្រាស់ថវិកាឥណទានសម្បទានពីប្រទេសកូរ៉េខាងត្បូង ចំនួនជាង ៧៨លានដុល្លារ។កិច្ចសន្យាសាងសង់នៃគំរោងធ្វើឲ្យប្រសើរឡើងវិញ ផ្លូវជាតិលេខ៤៨ នេះ ត្រូវបានចុះហត្ថលេខា ដោយឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារ ណការ និងដឹកជញ្ជូន និងតំណាងក្រុមហ៊ុនសាងសង់កូរ៉េ ILSUNG & HANIL Joint Venture នៅទីស្តីការ ក្រសួងសារធារណៈការ និងដឹកជ ញ្ជូន កាលពីព្រឹកថ្ងៃទី២៣ ខែសីហា។
ក្នុងពិធីចុះហត្ថលេខានេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន បានស្នើឲ្យក្រុមហ៊ុនកូរ៉េ ដែលទទួលខុសត្រូវសាងសង់ផ្លូវជាតិលេខ៤៨ ត្រូវសាង សង់ឲ្យ បានរឹងមាំ ដូចផ្លូវ ដែលស្ថាបនា នៅប្រទេសកូរ៉េ ប្រកបដោយគុណភាព ដោយយកមូលដ្ឋាន នៅកូរ៉េ ជាគោល ក្នុងការវាស់វែងសាងសង់ផ្លូវជាតិមួយខ្សែនេះ។
ផ្លូវជាតិ ៤៨ បំបែកចេញពីផ្លូវជាតិលេខ៤ ក្នុងស្រុកស្រុកអំបិល មានប្រវែងសរុប ១៤៨ គីឡូម៉ែត្រ ចាប់ពីចំការហ្លួង ស្រុកស្រែអំបិល ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ផ្លូវមួយខ្សែនេះ ត្រូវសាងសង់ ដោយប្រវែងជិត ១២២,៩ គីឡូម៉ែត្រ មានចំនួនពីរគន្លង និងប្រវែង ២៥,១ គីឡូម៉ែត្រ មានចំនួន ៤គន្លង។ គម្រោងស្ថាបនាផ្លូវជាតិនេះ ក៏ជាគម្រោងផ្លូវហាយវ៉េអាស៊ាន១២៣ (ASEAN Highway 123) ដែលភ្ជាប់ប្រទេសកម្ពុជា ទៅប្រទេសថៃ និងភ្ជាប់ទៅភាគខាងលិចនៃឧបទ្វីបឥណ្ឌូចិន ត្រង់ ក្រុងដាវ៉េ (Dawai) ប្រទេសភូមា។ គេរំពឹងថា ក្រុមហ៊ុនកូរ៉េ នឹងគោរពតាមស្តង់ដារ ស្របតាមបច្ចេក ទេស ហើយសាងសង់ផ្លូវឲ្យជាប់មាំដូចផ្លូវនៅ ប្រទេសកូរ៉េ ដែលលោករដ្ឋមន្ត្រីសាធាណការ និងដឹកជញ្ជូន បានលើកឡើង ក្នុងពិធីចុះហត្ថលេខា នៅថ្ងៃទី២៣ សីហា ឆ្នាំ២០២១។
កន្លងមក ក្រសួងសាធារណការ និងដឹកជ ញ្ជូន ពិសេសនៅក្រោមអាណត្តិរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ជារដ្ឋមន្ត្រី បានបង្កើនការត្រួតពិនិត្យពីពង្រឹងគុណភាព ក្នុងការសាងសង់ផ្លូវ។ លោករដ្ឋមន្ត្រី តែងតែធ្វើដំណើរត្រួតពិនិត្យផ្លូវ ដែលកំពុងសាងសង់ និងផ្លូវដែលទើបសាងសង់នោះ ធ្វើយ៉ាងណា ឲ្យផ្លូវទាំងនោះ មានគុណភាព ស្របតាមស្តង់ដា និងដើម្បីលុបបំបាត់ពាក្យថា “ចាក់ ក្រាស់ ស៊ីស្តើង ចាក់ស្តើង ស៊ីក្រាស់» ដែលនាំឲ្យផ្លូវឆាប់ខូច ដូចអ្វីដែលធ្លាប់កើតមាននៅប្រទេស យើង ក្នុងពេលន្លងមក។
ដូច្នេះការដ្ឋានសាងសង់ផ្លូវ មិនថាផ្លូវជាតិលេខ៤៨ ត្រូវតែចាប់ផ្តើមការដ្ឋាននៅខែវិច្ឆិកាខាងមុខ នេះទេ ទាមទារឲ្យមានការត្រួតពិនិត្យទាំងគុណភាព នៅពេលសាងសង់ឲ្យស្របតាមស្តង់ដារ បច្ចេកទេស ដោយគ្មានការកិបកេងលុយនៃការធ្វើផ្លូវ។ មន្ត្រីជំនាញសាធារការ និងដឹកជញ្ជូន គួរតែចូលរួមឲ្យសកម្ម ដើម្បីកុំឲ្យធ្វើផ្លូវមួយខ្សែ ដែលធ្វើមិនទាន់រួចផង ស្រាប់តែធ្វើមុខ ខូចក្រោយ ឬក៏ធ្វើផ្លូវនោះរួច មិនបានប៉ុន្មានខែផង ផ្លូវនោះ ត្រូវខូចទៅវិញ។ កន្លងមក នៅស្រុកយើង តែងតែ លើកឡើងលេង បន្លំមែនថា «ផ្លូវស្រុកយើង ធ្វើជាប់រហូត» គឺមានន័យថា ធ្វើ និងជួសជុលផ្លូវនោះ ជាញឹកញាប់ ដោយសារតែផ្លូវធ្វើមិនមានគុណភាព ឆាប់ខូច ព្រោះតែធ្វើខុសស្តង់ដារ ដោយសារតែ កិបកេងលុយ មិនចំណាយតាមគម្រោង ជាដើម៕