ក្រសួងសុខាភិបាលហ្វីលីពីនបានរាយការណ៍អំពីករណីឆ្លងកូវីដ១៩ ខ្ពស់បំផុតមិនធ្លាប់មាន គឺ ១៨.៣៣២ នាក់ កាលពីថ្ងៃចន្ទទី២៣សីហា និងទទួលស្គាល់ជាលើកដំបូងនូវការឆ្លងក្នុងសហគមន៍នូវមេរោគបំប្លែងខ្លួន Delta នៅក្នុងតំបន់រដ្ឋធានីរបស់ខ្លួន។
តំបន់រដ្ឋធានី ដែលមានទីក្រុងម៉ានីលនិងទីក្រុងចំនួន១៦ ផ្សេងទៀតរួមមានប្រជាជនជាង១៣ លាននាក់ បានស្ថិតនៅក្រោមវិធានការបិទខ្ទប់យ៉ាងតឹងរ៉ឹង ដែលត្រូវបានបន្ធូរបន្ថយរយៈពេល ១០ ថ្ងៃចាប់ពីថ្ងៃទី ២១ ខែសីហាដើម្បីអនុញ្ញាតឱ្យអាជីវកម្មបើកដំណើរការ។
អ្នកនាំពាក្យក្រសួងសុខាភិបាលលោកស្រី ម៉ារៀ រ៉ូសារីអូ វើជីរី បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃកាលពីថ្ងៃចន្ទថា”ការបិទខ្ទប់ឬការរឹតបន្តឹងមិនមានប្រសិទ្ធិភាពនៅក្នុងប្រទេសនេះទៀតទេ។ វានឹងមានប្រសិទ្ធភាពជាងប្រសិនបើការរឹតបន្តឹងត្រូវបានបន្ធូរបន្ថយបន្តិច និងប្រសិនបើការបិទខ្ទប់ធ្វើតាមគោលដៅ”។
ក្រសួងសុខាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា ករណីមេរោគ Delta ដែលរកប្រភពឆ្លងដំបូងមិនទាន់ឃើញត្រូវបានរកឃើញនៅក្នុងតំបន់រដ្ឋធានីនិងខេត្តក្បែរៗនោះ។
អាជ្ញាធរបានសន្មតអស់ជាច្រើនសប្តាហ៍ហើយថា ការកើនឡើងនៃករណីឆ្លងបច្ចុប្បន្នគឺដោយសារមេរោគបំប្លែងខ្លួន Deltaប៉ុន្តែសមត្ថភាពរៀបលំដាប់ហ្សែននៅក្នុងប្រទេសហ្វីលីពីននៅមានកម្រិត ដោយសំណាកតែពីរបីពាន់ប៉ុណ្ណោះត្រូវបានដំណើរការប្រចាំសប្តាហ៍។
កាលពីថ្ងៃចន្ទ មជ្ឈមណ្ឌលហ្សែនរបស់ប្រទេសនេះបាននិយាយថា ខ្លួនបានរកឃើញករណី Deltaចំនួន ៤៦៦ បន្ថែមទៀតដែលនាំឱ្យចំនួនមនុស្សដែលឆ្លងមេរោគនេះកើនឡើងដល់ ១.២៧៣ នាក់។
សេចក្តីថ្លែងការណ៍បាននិយាយថា ហ្វីលីពីនបានកត់ត្រាករណីឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១,៨៦ លាននាក់ ដែលករណីជាង១ភាគ៥ ត្រូវបានរកឃើញក្នុងរយៈពេល ៤០ ថ្ងៃចុងក្រោយនេះ។
យោងតាមទិន្នន័យផ្លូវការ មនុស្សជិត ៣២.០០០ នាក់នៅក្នុងប្រទេសហ្វីលីពីនបានស្លាប់ដោយសារកូវីដ១៩។
សេចក្តីថ្លែងការណ៍បានបន្ថែមថា ចំនួនករណីសកម្មនៅក្នុងប្រទេសបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៤ ខែ គឺ ១៣០.៣៥០ នាក់។ សេចក្តីថ្លែងការណ៍និយាយទៀតថា ក្នុងចំណោមអ្នកដែលត្រូវបានធ្វើតេស្តិ៍ថ្មីៗនេះ ម្នាក់ក្នុងចំណោមបួននាក់មានលទ្ធផលវិជ្ជមាន៕